អ្នកមានដាច់គេនៅបារាំង លោក Bernard Arnault បានឃើញទ្រព្យសម្បត្តិរបស់ខ្លួនស្រកចុះជិត ១០ពាន់លានដុល្លារ ក្នុងរយ:ពេលត្រឹមតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីតម្លៃហ៊ុនរបស់ក្រុមហ៊ុន LVMH ធ្លាក់ចុះយ៉ាងឆាប់រហ័ស។
នៅក្នុងការធ្វើបច្ចុប្បន្នភាពចុងក្រោយ ក្រុមហ៊ុនលក់ទំនិញប្រណីត រួមមានប្រេនល្បីៗដូចជា Moet & Chandon, Louis Vuitton, និង Tiffany & Co បានប្រកាសពីការធ្លាក់ចុះដល់ទៅ ៣% នៃការលក់របស់ខ្លួន នៅក្នុងត្រីមាសទី៣ ឆ្នាំ២០២៤ នេះ។
យោងតាមការចុះផ្សាយពីសារព័ត៌មាន Bloomberg បានបង្ហាញឲ្យដឹងទៀតថា ដោយសារមានទីផ្សារធំនៅប្រទេសចិន ចំពេលស្ថានភាពសេដ្ឋកិច្ចនៅទីនោះមិនសូវអំណោយផលផង បានធ្វើឲ្យតម្លៃហ៊ុនរបស់ក្រុមហ៊ុន LVMH បានបន្តធ្លាក់ចុះដល់ ៧% និងបានធ្វើឲ្យកំពូលអ្នកមាននៅបារាំងរូបនេះ ខាតបង់លុយរហូតដល់ ៨ពាន់លានដុល្លារ។
ជម្រាបជូនផងដែរថា មុនការប្រកាសអំពីការធ្លាក់ចុះនេះ ទ្រព្យសម្បត្តិសរុបរបស់លោក Arnault ត្រូវបានគេរាយការណ៍ថាមានចំនួនសរុបប្រមាណ ១៩០ពាន់លានដុល្លារ និងបានធ្វើឲ្យមហាសេដ្ឋីបារាំងរូបនេះ ធ្លាក់មកចំណាត់ថ្នាក់ទី៥ ក្នុងបញ្ជីមហាសេដ្ឋីកំពូលលើពិភពលោក៕