ស្ថានទូតម៉ាឡេស៊ីប្រចាំកម្ពុជា រៀបចំពិធីអបអរសាទរ និងសំណេះសំណាលក្នុងឱកាសខួបលើកទី៦៧ នៃបុណ្យជាតិម៉ាឡេស៊ី

សង្គម​ និង​សេដ្ឋកិច្ច

លោក Shaharuddin Onn ឯកអគ្គរាជទូតម៉ាឡេស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា បានរៀបចំពិធីអបអរសាទរ និងសំណេះសំណាលក្នុងឱកាសខួបលើកទី៦៧ នៃបុណ្យជាតិម៉ាឡេស៊ី ក្រោមអធិបតីភាព​លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម តំណាងរាជរដ្ឋាភិបាលកម្ពុជា នាល្ងាចថ្ងៃពុធ ទី១៦ ខែតុលា ឆ្នាំ២០២៤ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងពិធីអបអរសាទរ និងសំណេះសំណាលក្នុងឱកាសខួបលើកទី៦៧ នៃបុណ្យជាតិម៉ាឡេស៊ី នាព្រលប់ម្សិលមិញនេះ គេឃើញមានវត្តមាន ថ្នាក់ដឹកនាំក្រសួងស្ថាប័ន អ្នកឧកញ៉ា ឧកញ៉ា វិស័យឯកជន តំណាងក្រុមហ៊ុន និងភ្ញៀវកិត្តិយសជាតិ-អន្តរជាតិជាច្រើន បានអញ្ជើញចូលរួមផងដែរ។

គួររំឭកថា នាឱកាស​ដែលថ្នាក់ដឹកនាំកម្ពុជា​ទៅបំពេញ​ទស្សនកិច្ចជាផ្លូវការ នៅ​ប្រទេសម៉ាឡេស៊ី កន្លងមក ថ្នាក់ដឹកនាំកំពូលនៃ​ប្រទេស​ទាំងពីរ បានឯកភាពគ្នា​ពង្រឹងទំនាក់ទំនងដ៏យូរលង់​ ឱ្យកាន់​តែស៊ី​ជម្រៅថែម​ទៀតទាំងក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគី ដើម្បីផលប្រយោជន៍របស់ប្រទេសទាំងពីរ និង​តំបន់ ព្រមទាំងបានបង្ហាញ​តាមរយៈ​សន្និសីទសារព័ត៌​មាន​​​រួម​គ្នារវាង សម្តេចធិបតី​ ហ៊ុន ម៉ាណែត នាយករដ្ឋ​មន្ត្រីកម្ពុជា និងលោក ដាតុស៊េរី អាន់វ៉ាអ៊ីប្រាហ៊ឹម (Datuk Seri Anwar Ibrahim) នាយករដ្ឋមន្ត្រី​នៃប្រទេសម៉ាឡេស៊ី នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤។

ក្នុងឱកាសនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើង​ថា នេះជាខួបលើក​ទី​៦៧ នៃ​ទំនាក់​ទំនង​ការទូតរវាងប្រទេសទាំងពីរ ហើយចំណងមិត្តភាពនេះ ក៏មានការ​វិវត្តន៍ និងរីកចម្រើន​ទៅដល់កម្រិតថ្មីមួយទៀត ក្នុងក្របខណ្ឌនៃវិស័យសេដ្ឋកិច្ច ខណៈប្រទេស​ទាំងពីរ បាននិងកំពុងមានទំនាក់ទំនងល្អទាំងកម្រិត​ថ្នាក់ដឹកនាំ ការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន និងទំនាក់ទំនង​លើវិស័យការពារជាតិ។

ក្នុងថ្ងៃខួបលើកទី៦៧ នៃទិវាបុណ្យឯករាជ្យជាតិម៉ាឡេស៊ី កាលថ្ងៃទី ៣១ ខែសីហា ឆ្នាំ២០២៤ លោក Shaharuddin Onn ឯកអគ្គរាជទូតម៉ាឡេស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា លោក​ពិតជាមាន​សេចក្តីរំភើប និងមានមោទនភាពជាខ្លាំងដែលឃើញជនជាតិម៉ាឡេស៊ីនៅកម្ពុជា អ្នកខ្លះបានរស់នៅយូរឆ្នាំ នៅតែមានស្មារតីស្នេហាជាតិ ភាពស្មោះត្រង់ចំពោះជាតិ និងបានរក្សាអត្តសញ្ញាណ​ជនជាតិម៉ាឡេស៊ី។

លោកបានបន្ថែមថា ក្នុងនាមជាជនជាតិម៉ាឡេស៊ី និងជាឯកអគ្គរដ្ឋទូតម៉ាឡេស៊ី លោកពិតជាមានមោទនភាព​យ៉ាង​ខ្លាំង​ដែលឃើញសាជីវកម្ម និងប្រជាជនម៉ាឡេស៊ីទទួលបានភាពលេចធ្លោនៅទីនេះ។ វត្តមានរបស់​ក្រុមហ៊ុន​ម៉ាឡេស៊ី​ គឺអាចមើលឃើញច្បាស់ខ្លាំង ហើយត្រូវបានទទួលស្គាល់ថាជាផ្នែកមួយ​នៃទិដ្ឋភាពសាជីវកម្ម និង​ធុរកិច្ចនៅកម្ពុជា។ ធុរកិច្ច និងប្រជាជនម៉ាឡេស៊ីបានចូលរួមចំណែកជាវិជ្ជមានក្នុងការអភិវឌ្ឍប្រទេសកម្ពុជា៕