រយៈពេល ៩ខែ (មករា-កញ្ញា) ឆ្នាំ២០២៤ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ទទួលបានជើងហោះហើរ ចេញ-ចូល (ទ្វេទិស) មានចំនួនជាង ១ម៉ឺនជើង មានការកើនឡើងប្រមាណ ២៤% បើធៀបរយៈពេលទៅនឹងរយៈពេលដូចគ្នា ឆ្នាំ២០២៣។ នេះបើតាមរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល។
ក្នុងពិធីអបអរសាទរគម្រប់ខួប១ឆ្នាំនៃការបើកដំណើរការជាផ្លូវការអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ(SAI) កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ លោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានឱ្យដឹងថា អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ជាសមិទ្ធផលមួយ ដែលកើតចេញពី «គំនិតផ្ដួចផ្ដើមខ្សែក្រវ៉ាត់ និងផ្លូវ» ក្រោមកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន បានកំពុងលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ជាពិសេសបានពង្រីកយ៉ាងលឿន នូវកិច្ចសហការទៅលើវិស័យសំខាន់ៗ សម្រាប់ជាប្រយោជន៍ ដល់ការកែលម្អការអភិវឌ្ឍសេដ្ឋកិច្ច នៃប្រទេសទាំងពីររួមមានការពង្រឹងផលិតភាពសេដ្ឋកិច្ច, ការបង្កើនពាណិជ្ជកម្មឧស្សាហកម្ម, ទេសចរណ៍, ការវិនិយោគវិស័យកសិកម្ម និងវិស័យដឹកជញ្ជូនទំនាក់ទំនងគ្នាទៅវិញទៅមករវាងប្រជាជន និងប្រជាជន។
ជាមួយគ្នានោះ រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានឱ្យដឹងថា ចាប់តាំងពីបើកដំណើរការបានជិត ១ឆ្នាំកន្លងមកនេះ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ទទួលបានជើងហោះហើរ ចេញ-ចូល (ទ្វេទិស) មានចំនួនជាង ១៤,៥៥៦ជើង, អ្នកដំណើរ ចេញ-ចូល (ទ្វេទិស) មានចំនួនជាង ១,៣០០,០៤៨នាក់ និងទំនិញតាមផ្លូវអាកាស ចេញ-ចូល (ទ្វេទិស) មានចំនួនជាង ៨២តោន ខណៈរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលរំពឹងថា នឹងមានអ្នកដំណើរ (ចេញ-ចូល) កើនដល់១លាន៥០ម៉ឺននាក់ នៅដំណាច់ឆ្នាំ២០២៤ (ប្រភពALAI)។
ដោយឡែកសម្រាប់រយៈពេល ៩ខែ (មករា-កញ្ញា) ឆ្នាំ២០២៤ ស្ថានភាពដឹកជញ្ជូនតាមផ្លូវអាកាសនៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្អរ (SAI) មានជើងហោះហើរ ចេញ-ចូល (ទ្វេទិស) ១០,៩៨៩ ជើង មានការកើនឡើងប្រមាណ ២៤% បើធៀបរយៈពេលទៅនឹងរយៈពេលដូចគ្នា នៅឆ្នាំ២០២៣។
ក្នុងនោះ អ្នកដំណើរ ចេញ-ចូល (ទ្វេទិស) មានចំនួន ៩៧៤,២០៣ នាក់មានការកើនឡើងប្រមាណ ៣១% បើធៀបរយៈពេលទៅនឹងរយៈពេលដូចគ្នា នៅឆ្នាំ២០២៣ និងទំនិញតាមផ្លូវអាកាស ចេញ-ចូល (ទ្វេទិស) មានចំនួនជាង ៧៦តោន (៧៦,០០០គីឡូក្រាម) មានការថយចុះប្រមាណ ៤៦% បើធៀបរយៈពេលទៅនឹងរយៈពេលដូចគ្នា នៅឆ្នាំ២០២៣៕