ក្រុមហ៊ុនខ្នាតយក្សចិន BYD គ្រោងចាក់លុយជាង ៧០០លានដុល្លារ សង់រោងចក្រនៅឥណ្ឌូណេស៊ី

អន្តរជាតិ

PT BYD Motor ដែលជាបុត្រសម្ព័ន្ធមួយនៃក្រុមហ៊ុនផលិតរថយន្តអគ្គិសនីឈានមុខគេរបស់ប្រទេសចិន BYD គ្រោងបោះទុនវិនិយោគ ៧៥៤លានដុល្លារ ដើម្បីសាងសង់រោងចក្រថ្មីមួយ នៅប្រទេសឥណ្ឌូណេស៊ី។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VNA។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មឥណ្ឌូណេស៊ី លោក Putu Juli Ardika បង្ហាញឲ្យដឹងថា ការវិនិយោគនេះ មិនត្រឹមតែជាភស្តុតាងនៃការជឿទុកចិត្តរបស់ក្រុមហ៊ុន BYD លើសក្តានុពលរបស់ទីផ្សារឥណ្ឌូណេស៊ីប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងជាយុទ្ធសាស្ត្រពង្រឹងជំហររបស់ប្រទេសខ្លួន ក្នុងការក្លាយជាមជ្ឈមណ្ឌលសម្រាប់ផលិតរថយន្តអគ្គិសនី កម្រិតពិភពលោក និងក្នុងតំបន់ផងដែរ។

លោក Ardika បានបង្ហាញឲ្យដឹងទៀតថា រោងចក្រថ្មីរបស់ក្រុមហ៊ុន BYD នេះ នឹងមានសមត្ថភាពផលិតរថយន្តអគ្គិសនីសរុបចំនួន ១៥០ ០០០ គ្រឿង ក្នុងមួយឆ្នាំ ខណ:ក្រុមហ៊ុនខ្នាតយក្សរបស់ចិន ហាក់កំពុងជោគជ័យលើការលក់រថយន្ត EV របស់ខ្លួន បានចំនួន ២ ពាន់គ្រឿង ក្នុងប្រទេសឥណ្ឌូណេស៊ី គិតចាប់ពីខែមិថុនា ដល់ខែកញ្ញា ឆ្នាំ២០២៤ នេះ។

ទន្ទឹមនឹងនេះ លោក Andy Lin នាយករដ្ឋបាលរបស់ក្រុមហ៊ុន BYD បាននិយាយផងដែរថា ក្រុមហ៊ុនរបស់ខ្លួន នឹងបន្តដាក់លក់រថយន្ត​ EV ម៉ូដែលផ្សេងៗបន្ថែមទៀត នៅក្នុងប្រទេសឥណ្ឌូណេស៊ី ក៏ដូចជាប្រភេទរថយន្តអគ្គិសនីកូនកាត់ Hybrid ផងដែរ៕