ក្រុមធនាគារពិភពលោកកាលពីពាក់កណ្តាលសប្តាហ៍នេះ បានពិភាក្សាស្តីពីក្របខ័ណ្ឌភាពជាដៃគូថ្មីប្រចាំប្រទេស (CPF) សម្រាប់កម្ពុជា ឆ្នាំ២០២៥-២០២៩។
ក្របខ័ណ្ឌភាពជាដៃគូថ្មីនឹងចូលរួមដោះស្រាយគោលដៅប្រទាក់ក្រឡាគ្នាចំនួនបី៖ ការកែលម្អសុខភាពនិងការអប់រំឱ្យប្រសើរឡើង, ការលើកកម្ពស់ភាពប្រកួតប្រជែង, និងការពង្រឹងភាពធន់នៃក្រុមគ្រួសារដែលងាយរងគ្រោះ។
ក្របខ័ណ្ឌថ្មីនេះក៏នឹងផ្តោតដែរទៅលើការកសាងគណនេយ្យភាពសម្រាប់បណ្តាគម្រោងផ្តល់សេវា ការពង្រឹងស្តង់ដាធានាការទុកចិត្តលើវិស័យសាធារណៈ, និងផ្តោតលើការបន្តការត្រួតពិនិត្យពីលើ និងផ្តល់ប្រឹក្សាអំពីយន្តការសម្រាប់ដោះស្រាយបណ្តឹងតវ៉ា/បណ្តឹងសាទុក្ខនានា ដែលអាចកើតមាន។
យោងតាមសេចក្តីប្រកាសពត៌មានរបស់ធនាគារពិភពលោក ឯកសារក្របខ័ណ្ឌភាពជាដៃគូប្រចាំប្រទេសនេះ បានគូសបញ្ជាក់អំពីបណ្តាអាទិភាពសម្រាប់កម្មវិធីនានារបស់ក្រុមធនាគារពិភពលោក សម្រាប់ជួយដល់កម្ពុជាក្នុងរយៈពេលប្រាំឆ្នាំខាងមុខ។ ក្របខ័ណ្ឌនេះ ត្រូវបានរៀបចំឡើងដោយផ្អែកលើឯកសារវិភាគអំពីបញ្ហាប្រឈមនានានៅក្នុងកិច្ចអភិវឌ្ឍន៍របស់ប្រទេស, យុទ្ធសាស្ត្រអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាលកម្ពុជា និងកិច្ចពិគ្រោះយោបល់ជាមួយភាគីពាក់ព័ន្ធជាច្រើន។
លោកស្រី ម៉ារីយ៉ាម ស្ហ៊ឺមែន (Mariam Sherman)នាយិកាធនាគារពិភពលោកប្រចាំកម្ពុជា ឡាវនិងវៀតណាម មានប្រសាសន៍ថា៖“ការផ្តោតជាគន្លឹះសម្រាប់ការចូលរួមរបស់យើងគឺការលើកកម្ពស់មូលធនមនុស្ស ជាពិសេសគឺការអប់រំជាមូលដ្ឋាននិងមូលដ្ឋានគ្រឹះនៃជំនាញ”។
លោកស្រីមានប្រសាសន៍ថែមទៀតថា៖ “កម្មវិធីថ្មីនេះ ក៏នឹងសង្កត់ធ្ងន់លើការកាត់បន្ថយភាពក្រីក្រតាមរយៈការជំរុញការវិនិយោគលើវិស័យសុខាភិបាល និងការអប់រំ, ជួយបង្កើតការងារ និងការការពារជីវភាពរស់នៅរបស់ក្រុមគ្រួសារដែលងាយរងគ្រោះ រួមទាំងការពង្រឹងភាពធន់ទៅនឹងបម្រែបម្រួលអាកាសធាតុ។”
ក្នុងរយៈពេលប្រាំឆ្នាំខាងមុខ ផ្នែកទាំងបីរបស់ក្រុមធនាគារពិភពលោក មានទីភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិ (IDA) សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) និងទីភ្នាក់ងារពហុភាគីធានាការវិនិយោគ (MIGA) នឹងបន្តជំរុញដល់ការវិនិយោគនៅកម្ពុជា និងលើកកម្ពស់ភាពជាដៃគូសាធារណៈ និងឯកជន ជាពិសេសលើវិស័យហេដ្ឋារចនាសម្ព័ន្ធ។
លោកស្រី Kim-See Lim នាយក IFC ប្រចាំតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វ៊ិក មានប្រសាសន៍ថា៖ “IFC និងក្រុមធនាគារពិភពលោកកំពុងតែជំរុញឱ្យមានការចូលរួមរបស់វិស័យឯកជននៅកម្ពុជា ឱ្យបានស្វាហាប់ និងប្រកបដោយការប្រកួតប្រជែង។”
លោកស្រីមានប្រសាសន៍បន្ថែមថា៖ “យើងនឹងបន្តការគាំទ្ររបស់យើងដល់ការពង្រឹងកិច្ចការពារអ្នកប្រើប្រាស់ហិរញ្ញវត្ថុ និងការផ្តល់ប្រាក់កម្ចីប្រកបដោយទំនួលខុសត្រូវ,ជំរុញដល់ការរៀបចំបង្កើតទីផ្សារហិរញ្ញប្បទានបៃតង, និងជួយកម្ពុជាក្នុងការទាក់ទាញទុនឯកជនសម្រាប់វិស័យហេដ្ឋារចនាសម្ព័ន្ធដូចជាថាមពលនិងការដឹកជញ្ជូន ជាពិសេសតាមរយៈភាពជាដៃគូសាធារណៈនិងឯកជន។”