សហគ្រាសក្នុងវិស័យទេសចរណ៍នៅសៀមរាបទទួលបានការលើកទឹកចិត្តផ្នែកពន្ធដារ

សង្គម​ និង​សេដ្ឋកិច្ច

ប្រកាសរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នាថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ បានឱ្យដឹងថា រាជរដ្ឋាភិបាលបានប្រកាសបន្តផ្តល់ការលើកទឹកចិត្តពន្ធដារដល់សហគ្រាសក្នុងវិស័យទេសចរណ៍នៅខេត្តសៀមរាប ដើម្បីជួយស្ដារវិស័យទេសចរណ៍ឱ្យបានល្អប្រសើរឡើងវិញ ស្របតាមវិធានការអន្តរាគមន៍របស់រាជរដ្ឋាភិបាល។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ប្រកាសនេះ មានវិសាលភាពអនុវត្តចំពោះសហគ្រាសក្នុងវិស័យទេសចរណ៍រួមមាន សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន និងក្រុមហ៊ុនភ្នាក់ងារទេសចរណ៍ ដែលបានចុះបញ្ជីពន្ធដារ និងមានសកម្មភាពអាជីវកម្មនៅខេត្តសៀមរាប។

យោងតាមប្រកាសនេះ សហគ្រាសក្នុងវិស័យទេសចរណ៍ ដែលស្ថិតនៅខេត្តសៀមរាប ត្រូវទទួលបានការលើកទឹកចិត្តផ្នែកពន្ធដារ ដូចជា លើកលែងការបង់ពន្ធអាករប្រចាំខែគ្រប់ប្រភេទ វៀរលែងតែអាករលើតម្លៃបន្ថែម និងអាករលើការស្នាក់នៅ គិតចាប់ពីខែកក្កដា ឆ្នាំ២០២៤ រហូតដល់ដំណាច់ខែមិថុនា ឆ្នាំ២០២៥ លើកលែងពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ២០២៤។ ចំពោះប្រាក់រំដោះពន្ធលើប្រាក់ចំណូលដែលសហគ្រាសបានបង់រួច នឹងត្រូវបានអនុញ្ញាតជាឥណទានពន្ធសម្រាប់កាត់កងជាមួយពន្ធលើប្រាក់ចំណូល ប្រចាំឆ្នាំ២០២៥ ជាពិសេស មិនទទួលរងការធ្វើសវនកម្មពន្ធដារសម្រាប់កាលបរិច្ឆេទឆ្នាំ២០២៤។

សូមបញ្ជាក់ថា៖ ក្នុងអំឡុងពេលនៃការលើកទឹកចិត្តពន្ធដារ សហគ្រាសនៅតែមានកាតព្វកិច្ចដូចខាងក្រោម៖

១- អ្នកជាប់ពន្ធមធ្យម និងអ្នកជាប់ពន្ធធំ ត្រូវដាក់លិខិតប្រកាសពន្ធអាករដោយប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងការប្រកាសពន្ធអាជីវកម្មអនឡាញ (e-Filing) ជារៀងរាល់ខែ និងត្រូវដាក់លិខិតប្រកាសពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ ដោយប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងការដាក់លិខិតប្រកាសពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ តាមអនឡាញ (Tol e-Filing) ស្របតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្តស្តីពីពន្ធដារ។ ដោយឡែក អ្នកជាប់ពន្ធតូច ត្រូវដាក់លិខិតប្រកាសពន្ធទៅតាមទម្រង់ ពេលវេលា និងទីកន្លែងដែលកំណត់ដោយរដ្ឋបាលសារពើពន្ធ ឬអាច ដាក់លិខិតប្រកាសពន្ធតាមរយៈកម្មវិធីប្រកាសពន្ធអាជីវកម្ម សម្រាប់អ្នកជាប់ពន្ធតូច (GDT Tax Prefiling App)។

២- អ្នកជាប់ពន្ធ ត្រូវកាន់កត់ត្រា និងថែរក្សាឯកសារបញ្ជីកាគណនេយ្យនិងព័ត៌មានដែលទាក់ទិននឹង សកម្មភាពអាជីវកម្ម ស្របតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្តស្តីពីពន្ធដារ។

រាជរដ្ឋាភិបាលក៏បានផ្តល់ថវិកាចំនួន៥០លានដុល្លារ តាមរយៈធនាគារ SME សម្រាប់ត្រៀមផ្តល់ឥណទាន ជាពិសេសជូនប្រតិបត្តិករទេសចរណ៍ខេត្តសៀមរាប៕