រដ្ឋបាលខេត្តបាត់ដំបង និងស្ថានទូតអូស្រ្តាលីប្រចាំព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាគ្នាលើរឿងជាច្រើន ពិសេសភាគីទាំងពីរ បានផ្តោតការពិភាក្សាលើការវិនិយោគលើវិស័យកសិកម្ម ការកែច្នៃស្រូវ-អង្ករ ដើម្បីពង្រីកទំនាក់ទំនងទ្វេភាគីឱ្យកាន់តែរឹងមាំថែមទៀត។
ជំនួបពិភាក្សាការងារនេះ បានធ្វើឡើងរវាងលោក សុខ លូ អភិបាលខេត្តបាត់ដំបង និងឯកអគ្គរដ្ឋទូតអូស្រ្តាលីប្រចាំកម្ពុជា លោក ដេរិក យីប។នេះបើយោងតាមហ្វេសប៊ុកផ្លូវការរបស់ស្ថានទូត ដែលផ្សាយចេញនៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤។
ស្ថានទូតអូស្រ្តាលី បានឱ្យដឹងថា នៅក្នុងជំនួបពិភាក្សានោះ ភាគីទាំងពីរបានពិភាក្សាការងារគ្នាលើប្រធានបទជាច្រើន រួមមាន នគរូបនីយកម្ម និងទីក្រុងវៃឆ្លាត ការវិនិយោគលើវិស័យកសិកម្ម ការកែច្នៃស្រូវ-អង្ករ វិស័យអប់រំ អាហារូបករណ៍ ការស្តារលទ្ធភាពពលកម្មកាយសម្បទា វិស័យទេសចរណ៍ កិច្ចសហប្រតិបត្តិការថ្នាក់ក្រោមជាតិ និងកេរ្តិ៍ដំណែលរបស់អធិរាជសម្លេងមាស ស៊ីន ស៊ីសាមុត។
ក្រៅពីពិភាក្សាលើចំនុចខាងលើ តាមរយៈជំនួបនេះដែរ អូស្ត្រាលី បានចាត់ទុកថា នេះគឺជាជំនួបស្វាគមន៍ដ៏កក់ក្តៅ និងប្រកបដោយផ្លែផ្កា ដែលបានគូសបញ្ជាក់ពីទំនាក់ទំនងដ៏រឹងមាំរវាងប្រទេសអូស្ត្រាលី និងកម្ពុជា។
សូមរម្លឹកដែរថា ក្នុងរយៈពេល ៨ខែ នៃឆ្នាំ២០២៤ កម្ពុជាបាននាំចេញអង្ករបានចំនួន ៤១២ ០២៣ តោន តាម រយៈក្រុមហ៊ុននាំចេញអង្ករចំនួន ៥៣ ក្រុមហ៊ុន ទៅកាន់គោលដៅចំនួន ៦៥ ដែលក្នុងនោះទៅកាន់បណ្តាប្រទេសនៅក្នុងតំបន់អឺរ៉ុបចំនួន ២៦ បានបរិមាណអង្ករចំនួន ២០៨ ២០៧ តោន គិតជាទឹកប្រាក់ចំនួន ១៦១.៧០ លានដុល្លារសហរដ្ឋអាមេរិក ទៅកាន់ប្រទេសចិន រួមទាំងហុងកុង និងម៉ាកាវ ចំនួន ៧៧ ៧៩២ តោន គិតជាទឹកប្រាក់ចំនួន ៤៨.៨៧ លានដុល្លារសហរដ្ឋអាមេរិក ទៅកាន់ប្រទេសក្នុងអាស៊ាន រួមទាំងទីម័រខាងកើត ចំនួន ៧ប្រទេសបានបរិមាណ ចំនួន ៨៣ ០៩៥ តោន គិតជាទឹកប្រាក់ចំនួន ៥៦.៨៩ លានដុល្លារសហរដ្ឋអាមេរិក និងទៅកាន់គោលដៅ ២៨ប្រទេសផ្សេងទៀតមាន អាហ្វ្រិក មជ្ឈឹមបូព៌ា អាមេរិក កាណាដា អូស្ត្រាលី ញ៉ូហ្សេឡេន ។ល។ បានចំនួន ៤២ ៩២៩ តោន គិតជាទឹកប្រាក់ចំនួន ៣៧.៦៩ លានដុល្លារសហរដ្ឋអាមេរិក។នេះបើយោងតាមរបាយការណ៍របាយការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជា កាលពីពេលថ្មីៗនេះ៕ អត្ថបទ៖ ហ្សាលីន