អ្នកឧកញ៉ា សួរ វីរៈ ឈ្នះពានរង្វាន់សហគ្រិនឆ្នើមតំបន់អាស៊ាន ប្រចាំឆ្នាំ២០២៤

ជុំវិញ​ឧកញ៉ា

អ្នកឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វីរៈ ប៊ុនថាំអេចប្រេស ( Vireak Buntham Express) បាន​ឈ្នះពាន​រង្វាន់​ម្ចាស់អាជីវកម្ម និងជាសហគ្រិនឆ្នើម​តំបន់អាស៊ាន ប្រចាំឆ្នាំ២០២៤ (GREAT ASEAN CSR ENTREPRENEUR AWARD 2024)។ នេះបើតាមការចុះផ្សាយពីទំព័រហ្វែសប៊ុកផ្លូវការ របស់ស្ថាប័ន​ Global Entrepreneur 1% Club នា​ថ្ងៃទី១៧​ ខែតុលានេះ។ ​

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ពានរង្វាន់សហគ្រិនឆ្នើម ប្រចាំតំបន់អាស៊ាន​ ត្រូវបានបង្កើតឡើង និងប្រគល់ជូន​ដល់​បុគ្គលដែល​​មាន​ជំនាញ​អាជីវកម្ម​ច្បាស់លាស់​ រួមចំណែកជួយ​អភិវឌ្ឍ​ដល់​សហគមន៍ ឬ​ប្រជាជន​ក្នុងតំបន់ ព្រមទាំង​​ពង្រីក​សក្តានុពល​អាជីវកម្ម​របស់​ខ្លួន​​​ទៅ​ដល់​ក្រៅប្រទេស។ លើសពីនេះ បេក្ខភាព​ដែល​ឈ្នះ​ពាន​រង្វាន់​នេះ ក៏​ត្រូវ​មាន​សកម្មភាព​គាំទ្រ​ ទទួលខុសត្រូវ​លើ​ផ្នែក​បរិស្ថាន សង្គម និង​អភិបាលកិច្ចល្អ ព្រមទាំង​បុគ្គល​ដែល​ដឹកនាំ​អាជីវកម្ម​ទទួលបាន​ជោគជ័យ មាន​គំនិតផ្តួចផ្តើម​​​ច្នៃប្រឌិតខ្ពស់ ជួយ​ដល់​សង្គមជាតិ​​តាមរយៈ​ប្រភេទ​មុខជំនួញ​ផ្សេងៗ​របស់​ខ្លួន។

ក្រោយទទួលបានពានរង្វាន់​ដ៏​មាន​កិត្តិយស​កម្រិត​អន្តរជាតិនេះ អ្នកឧកញ៉ា សួរ វីរៈ បាន​ចែក​រំលែក​ជា​សារ​លើ​ទំព័រហ្វេសប៊ុក យ៉ាង​​ដូច្នេះថា៖ “វាមិនមែនគ្រាន់តែជាពានរង្វាន់ពាណិជកម្មនោះទេ តែជាពានរង្វាន់ក្នុងការ​ចូល​រួម​ការទទួល​ខុស​ត្រូវក្នុងសង្គមផងដែរ។ សូមអរគុណចំពោះការជ្រើសរើស”។

សូមជម្រាបថា អ្នកឧកញ៉ា សួរ វីរៈ ជាអគ្គនាយកក្រុមហ៊ុន វីរៈប៊ុនថាំ អេចប្រេស ដែលជាក្រុមហ៊ុនដឹកជញ្ជូន​អ្នកដំណើរ និងសេវាកម្មបញ្ញើរឆាប់រហ័ស ឈានមុខគេនៅកម្ពុជា និងជាម្ចាស់រីសត ជាច្រើនកន្លែង រួមមាន កោះស្តេចរីសត, កោះអភិជន រីសត, ភីដូម៉ា រីសត (Pidoma Resort) , ឧទ្យានបោះតង់គិរីរម្យ រំហើយ រីស៊ត, និងរំដួល រីស៊ត ព្រមទាំងរីសត ជាច្រើនកន្លែងទៀត។ អ្នកឧកញ៉ា ជាអ្នកជំនួញ​មួយ​រូប​ ដែល​​​តែងតែគិត​ឃើញ​នូវជំនួញថ្មីៗ មិនធ្លាប់មានក្នុងប្រទេសកម្ពុជា ដូចជាសេវាកម្មរថយន្ដដឹកជញ្ជូនពេលយប់ មានគ្រែសម្រាប់គេង​ជូនបងប្អូនប្រជាពលរដ្ឋ ការ​បង្កើត​ទីផ្សារ​បន្លែ​ក្នុងស្រុក និង​គ្រោងដាក់ដំណើរការ​​រថយន្ដត្រជាក់ (សីតុណ្ហភាព​ក្រោម០អង្សាសេ) ដើម្បីដឹកជញ្ជូនអីវ៉ាន់ ឬទំនិញផ្សេងៗ ជាដើម៕