អ្នកឧកញ៉ា ហ៊ុន ឡាក់ និងគណៈប្រតិភូសមាគមឧកញ៉ាកម្ពុជា រួមទាំងវិនិយោគិនពីប្រទេសបារាំង ចូលជួបសម្ដែងការគួរសមឯកឧត្តម ស៊ុន ចាន់ថុល

សមាគមឧកញ៉ាកម្ពុជា

នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៧ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុញ្ញាតជូនអ្នកឧកញ៉ា ហ៊ុន ឡាក់ អគ្គលេខាធិការនៃសមាគមឧកញ៉ាកម្ពុជា និងគណៈប្រតិភូសមាគមឧកញ៉ាកម្ពុជា រួមទាំងវិនិយោគិនពីប្រទេសបារាំងគឺលោក Laurent Strauch នាយកប្រតិបត្តិក្រុមហ៊ុន Smart Eden និងសហការីដែលជាអ្នកទទួលទិញ ផលិតផលចំណីអាហារ និងកសិផលរបស់កម្ពុជា ពីក្រុមហ៊ុនត្រូភីខេម ហ្វូដអេនវេចជឺថីបល នាំចេញទៅកាន់ទីផ្សារប្រទេសបារាំង និងសហគមន៍អឺរ៉ុប ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងជំនួបនាឱកាសនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបង្ហាញនូវការគាំទ្រដល់ក្រុមហ៊ុនទាំងពីរ ដែលបានរៀបចំកិច្ចសហប្រតិបត្តិការធុរកិច្ចថ្មីដោយចាប់យកការនាំចេញផលិតផលចំណីអាហារ និងកសិផលរបស់កម្ពុជា ដូចជាគ្រាប់ស្វាយចន្ទី ដំណាប់ស្វាយ ស្ករត្នោត និងម្រេចជាដើម នាំចេញទៅកាន់ទីផ្សាររបស់ប្រទេសបារាំង និងសហគមន៍អឺរ៉ុប។ 

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានជូនពរឱ្យកិច្ចសហប្រតិបត្តិការធុរកិច្ចនេះ សម្រេចបានជោគជ័យផ្លែផ្កា ដើម្បីចូលរួមជំរុញការនាំចេញ និងបង្កើនវត្តមានផលិតផល និងកសិផលរបស់កម្ពុជានៅក្នុងទីផ្សារអន្តរជាតិឱ្យបានកាន់តែច្រើន។ បន្ថែមពីនេះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានលើកទឹកចិត្តឱ្យក្រុមហ៊ុនឯកជនពិនិត្យលទ្ធភាពបន្តវិនិយោគលើការកែច្នៃកសិផលផ្សេងៗទៀត ដែលមានសក្ដានុពលក្នុងការនាំចេញ ដើម្បីជំរុញបង្កើតការងារក្នុងស្រុក និងប្រើប្រាស់ឱ្យអស់ពីលទ្ធភាពនូវកសិផលដែលកម្ពុជាផលិតបាន៕