លោក Derek Yip ឯកអគ្គរដ្ឋទូតអូស្ត្រាលី ប្រចាំព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា អូស្ត្រាលី នឹងបន្តចូលរួមធ្វើឱ្យបរិយាកាសវិនិយោគនៅប្រទេសកម្ពុជាកាន់តែមានភាពល្អប្រសើរ ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរឹងមាំ។
ថ្លែងក្នុងជំនួបពិភាក្សាការងារជាមួយលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នារសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ លោក Derek Yip ឯកអគ្គរដ្ឋទូតអូស្ត្រាលី ប្រចាំព្រះរាជាណាចក្រកម្ពុជា បានបង្ហាញការតាំងចិត្តខ្ពស់ក្នុងការបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម ការវិនិយោគ និងបន្តចូលរួមធ្វើឱ្យបរិយាកាសវិនិយោគនៅប្រទេសកម្ពុជាកាន់តែមានភាពល្អប្រសើរ។
លោក ក៏បានបង្ហាញអំពីមោទនភាពដែលប្រទេសអូស្រ្តាលីតាមរយៈកម្មវិធីភាពជាដៃគូកម្ពុជា-អូស្រ្តាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ (CAPRED) បានចូលរួមចំណែកយ៉ាងសកម្មជាមួយកម្ពុជាក្នុងវេទិការាជរដ្ឋាភិបាលនិងផ្នែកឯកជន។ បន្ថែមពីនេះ លោកក៏បានបង្ហាញពីចំណាប់អារម្មណ៍លើផែនការ និងគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនានារបស់កម្ពុជា ព្រមទាំងរំពឹងថាក្រុមហ៊ុនរបស់ប្រទេសអូស្ត្រាលី នឹងអាចចូលរួមចំណែកសាងសង់ក្នុងគម្រោងណាមួយនាពេលខាងមុខផងដែរ។
ជាការឆ្លើយតប លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានឱ្យដឹងថា ដើម្បីជំរុញឱ្យបរិយាកាសវិនិយោគនៅកម្ពុជាកាន់តែមានភាពទាក់ទាញ និងស្រប់តាមយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ CDC ក៏បានដាក់ឱ្យប្រើប្រាស់សាកល្បងនូវប្រព័ន្ធគ្រប់គ្រងគម្រោងវិនិយោគកម្ពុជា(cdcIPM) ដែលនឹងផ្តល់ភាពងាយស្រួលដល់វិនិយោគិនក្នុងការដាក់ពាក្យស្នើសុំវិនិយោគ។ ទន្ទឹមគ្នានេះ លោកក៏បញ្ជាក់ពីផែនការដំណើរទស្សនកិច្ចជំរុញ និងទាក់ទាញវិនិយោគ នៅតាមបណ្តាប្រទេសមួយចំនួនបន្ថែមទៀតនៅមុនដំណាច់ឆ្នាំ២០២៤នេះ ដើម្បីផ្តល់ព័ត៌មានអំពីសក្តានុពលរបស់កម្ពុជាទៅកាន់វិនិយោគិនអន្តរជាតិបានកាន់តែទូលាយ។
បើតាមរបាយការណ៍ពី CDC កម្ពុជាមានកម្លាំងពលកម្មវ័យក្មេង ហើយការបណ្តាក់ទុនវិនិយោគនៅកម្ពុជាទៀតសោត មិនមែនបម្រើតែទីផ្សារប្រជាជនចំនួន ១៧លាននាក់ប៉ុណ្ណោះទេ ប៉ុន្តែបម្រើឱ្យទីផ្សារនៃមហាអនុតំបន់ទន្លេមេគង្គដែលមានប្រជាជនរហូតដល់ទៅ ៣៣០លាននាក់។ ចំណែកឯក ទាក់ទិនគម្រោងហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជាវិញ CDC អះអាងថា រដ្ឋាភិបាលកម្ពុជា មានផែនការមេគ្រប់ជ្រុងជ្រោយស្តីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្តុភារកម្មកម្ពុជា ឆ្នាំ២០២៣-២០៣៣ ដែលបើកឱកាសជូនវិនិយោគិនពីគ្រប់បណ្ដាប្រទេសអាចពិនិត្យលទ្ធភាពបណ្ដាក់ទុនវិនិយោគ៕ អត្ថបទ៖ហ្សាលីន