ទ្រព្យសម្បត្តិសរុបរបស់លោក Saurabh Gadgil ដែលជាប្រធាន និងជានាយកគ្រប់គ្រងក្រុមហ៊ុនគ្រឿងអលង្ការធំមួយរបស់ឥណ្ឌា PN Gadgil Jewelers Ltd បានកើនឡើងយ៉ាងខ្លាំង និងធ្វើឲ្យលោកជាប់ឈ្មោះជាមហាសេដ្ឋី ក្រោយតម្លៃភាគហ៊ុនហក់ឡើងខ្លាំង។
លោក Saurabh Gadgil បានឃើញទ្រព្យសម្បត្តិសរុបរបស់ខ្លួន កើនឡើងដល់ជិត ១,១ពាន់លានដុល្លារ បន្ទាប់ពីតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុនដែលមានអាយុកាល ១៩២ឆ្នាំនេះ បានកើនឡើងដល់ ៦១% ចាប់តាំងពីការបោះផ្សាយលក់មូលបត្រជាសាធារណៈលើកដំបូង (IPO) នៅក្នុងខែកញ្ញា មក។ នេះបើយោងតាមរបាយការណ៍របស់ Bloomberg ។
គួរឲ្យដឹងថា Gadgil បច្ចុប្បន្នវ័យ ៤៧ឆ្នាំ បានទទួលមរតកអាជីវកម្មគ្រឿងអលង្ការពីគ្រួសារ ដែលមានមូលដ្ឋាននៅទីក្រុង Pune កាលពីជាងមួយទសវត្សមុន រហូតអាចដឹកនាំក្រុមហ៊ុននេះ ក្លាយជាដៃគូប្រកួតប្រជែងជាមួយក្រុមហ៊ុនធំៗរបស់ឥណ្ឌាផ្សេងទៀតដូចជា Tanishq , Aditya Birla Group និង Reliance Industries ជាដើម ។
ជម្រាបជូនថា យោងតាមទិន្នន័យទទួលបានពីក្រុមហ៊ុនប្រឹក្សា Technopak Advisors បានបង្ហាញឲ្យដឹងថា វិស័យគ្រឿងអលង្ការរបស់ប្រទេសឥណ្ឌា មានតម្លៃសរុបប្រហែល ៧០ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៣ ហើយវាត្រូវបានព្យាករថានឹងកើនឡើងដល់ចំនួនទ្វេដង នៅឆ្នាំ២០២៨ ខាងមុខ៕