សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញចូលរួមពិធីចូលកាន់តំណែងរបស់ថ្នាក់ដឹកនាំថ្មីនៃសាធារណរដ្ឋឥណ្ឌូណេស៊ី តបតាម ការអញ្ជើញរបស់ លោកប្រធានាធិបតី Joko Widodo។នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៅថ្ងៃទី ១៨ ខែតុលា ឆ្នាំ២០២៤។
ប្រភពដដែល បានឲ្យដឹងថា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងដឹកនាំ គណៈប្រតិភូជាន់ខ្ពស់អញ្ជើញចូលរួមពិធីចូលកាន់តំណែងរបស់ លោក Prabowo Subianto ជាប្រធានាធិបតីថ្មី និងលោក Gibran Rakabuming Raka ជាអនុប្រធានាធិបតីថ្មី នៃសាធារណរដ្ឋ ឥណ្ឌូណេស៊ី ដែលនឹងប្រារព្ធឡើងនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤ នៅរដ្ឋធានីហ្សាការតា។
គួរបញ្ជាក់ដែរថា បើតាមក្រសួងការបរទេស បានបញ្ជាក់ថា បុគ្គលជាន់ខ្ពស់ដែលនឹងអញ្ជើញចូលរួមអមដំណើរ សម្តេចធិបតីនាយករដ្ឋមន្ត្រី ក្នុងពិធីនេះរួមមាន លោក ទៀ សីហា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការពារជាតិ លោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស និងលោកស្រី ចម និម្មល រដ្ឋមន្ត្រីពាណិជ្ជកម្ម ព្រមទាំងឥស្សរជនមួយចំនួនទៀត។
ការអញ្ជើញចូលរួមរបស់ សម្តេចធិបតីនាយករដ្ឋមន្ត្រី ក្នុងពិធីចូលកាន់តំណែងនេះនឹង បង្ហាញយ៉ាងច្បាស់ពីភាពជាដៃគូដ៏រឹងមាំ និងទំនាក់ទំនងដ៏ជិតស្និទ្ធរវាងប្រទេសទាំងពីរ។នេះបើតាមការបញ្ជាក់បន្ថែមពីក្រសួងការបរទេសកម្ពុជា៕ អត្ថបទ៖ ហ្សាលីន