ស្របពេលប្រទេសកម្ពុជា និងកំពុងជួបវិបត្តិនៃជំងឺឆ្លងកូវិដ-១៩ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ថា ការជំរុញផលិតកម្មកសិកម្មក្នុងស្រុកទាំងផ្នែកសាកវប្បកម្ម វារីវប្បកម្ម និងផលិតកម្មចិញ្ចឹមសត្វ ដើម្បីរួមចំណែកបង្កើតការងារ បង្កើត និងបង្កើនប្រភពចំណូលក្នុងគ្រួសារ និងធានាសុវត្ថិភាពស្បៀង។
ផលិតកម្មចិញ្ចឹមសត្វទាំងជាលក្ខណៈគ្រួសារ និងលក្ខណៈឧស្សាហកម្ម(គោ-ក្របីជ្រូកនិងបក្សី) បានបង្ហាញពីសន្ទុះនៃការរីកចម្រើនគួរឲ្យកត់សម្គាល់ គិតត្រឹមថ្ងៃ២ ខែធ្នូ ឆ្នាំ២០២០ មានការកើនឡើងសរុប ១៧,៦០% ពី៤២០២២១៣៧ក្បាលទៅ ៤៩៤២៣៥៥៨ ក្បាល បើធៀបទៅនឹងឆ្នាំ២០១៩។
សូមបញ្ជាក់ផងថា កសិដ្ឋានចិញ្ចឹមសត្វក្នុងឆ្នាំ២០២០ មានចំនួន១២៣២កន្លែង ក្នុងនោះកសិដ្ឋានចិញ្ចឹមបក្សី មានចំនួន៦៨១កន្លែង មានសត្វក្នុងស្តុក ១៧១៣៤៥៨៨ក្បាល កើនលើសឆ្នាំ២០១៩ ប្រមាណជា ៣៥,៦០%។ រីឯកសិដ្ឋានចិញ្ចឹមជ្រូកមានចំនួន៥៤៧កន្លែង និងមានសត្វក្នុងស្តុកចំនួន ១៣៣៩២១០ក្បាលកើនឡើង១៥,៩០% បើធៀបនឹងឆ្នាំ២០១៩។ ចំពោះកសិដ្ឋានចិញ្ចឹមគោ-ក្របីគឺមានសរុប៥៤កន្លែងនិងមានសត្វក្នុងស្តុកចំនួន១២៩៧៤ក្បាលផងដែរ។