លោក ស៊ុន ចាន់ថុល គ្រោងរៀបចំដំណើរបេសកកម្មទាក់ទាញ និងជំរុញវិនិយោគនៅចក្រភពអង់គ្លេស និងសហភាពអឺរ៉ុបនាពេលឆាប់ៗខាងមុខ

សង្គម​ និង​សេដ្ឋកិច្ច

លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា គ្រោងរៀបចំដំណើរបេសកកម្មទាក់ទាញ និងជំរុញវិនិយោគនៅចក្រភពអង់គ្លេស និងសហភាពអឺរ៉ុបនាពេលឆាប់ៗខាងមុខ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នេះបើតាមការឱ្យដឹងពីលោក ស៊ុន ចាន់ថុល ក្នុងឱកាសដែលលោកអនុញ្ញាជូនលោក Matt Jackson នាយក និងជាប្រធានផ្នែកធុរកិច្ចចក្រភពអង់គ្លេស-អាស៊ាន នៃក្រុមហ៊ុន KPMG និងសហការី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤។

បើតាមលោក ស៊ុន ចាន់ថុល បានបញ្ជាក់ថា ជំនួបនាឱកាសនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីពិភាក្សាលើកិច្ចការងាររៀបចំដំណើរបេសកកម្មទាក់ទាញ និងជំរុញវិនិយោគរបស់លោកឧបនាយករដ្ឋមន្ត្រីទៅចក្រភពអង់គ្លេស និងសហភាពអឺរ៉ុបនាពេលឆាប់ៗខាងមុខ។

លោកបន្តថា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បាននិងកំពុងរៀបចំបេសកកម្មគោះទ្វារវិនិយោគិនជាបន្តបន្ទាប់ទៅកាន់ប្រទេសផ្សេងៗជាច្រើនបន្ថែមទៀត ដើម្បីផ្សព្វផ្សាយឱ្យបានកាន់តែទូលំទូលាយអំពីសក្ដានុពល និងកាលានុវត្តភាពវិនិយោគរបស់កម្ពុជា ភាពរីកចម្រើនថ្មីៗ និងការត្រៀមខ្លួនរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងនីតិកាលទី៧ ក្រោមការដឹកនាំដោយផ្ទាល់របស់ សម្ដេចធិបតីនាយករដ្ឋមន្ត្រី ក្នុងការបើកទទួលរាល់វិនិយោគិនពីគ្រប់បណ្ដាប្រទេស មានជាអាទិ៍ ចក្រភពអង់គ្លេស និងសហភាពអឺរ៉ុបជាដើម។

សូមជម្រាបជូនថា ក្នុងមួយខែកញ្ញា ឆ្នាំ២០២៤នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងថ្មីចំនួន២៦គម្រោង និងគម្រោងពង្រីកផលិតកម្មចំនួន២គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណ៤៤៣លានដុល្លារអាម៉េរិក និងអាចបង្កើត ការងារបានប្រមាណជិត២៥ពាន់កន្លែង។

ក្នុងនោះ ការវិនិយោគមកពីប្រទេសចិនស្ថិតនៅលំដាប់លេខ រៀងទី១ ដោយបានរួមចំណែក៣៨,២៣% នៃទុនវិនិយោគសរុប ខណៈពេលដែលការវិនិយោគក្នុងស្រុកគ្រប ដណ្តប់៣២,៩២% នៃទុនវិនិយោគសរុប៕