រដ្ឋបាលខេត្ដតាកែវ ធ្វើពិធីប្រលែងបង្កង២០០០ក្បាលក្នុងបឹង ចូលរួមអភិរក្ស​និងបង្កើនធនធានបង្កងឱ្យកាន់តែសម្បូរ

សង្គម​ និង​សេដ្ឋកិច្ច

រដ្ឋបាលខេត្ដតាកែវ កាលពីថ្ងៃទី២០ ខែតុលា​ ឆ្នាំ២០២៤ បានធ្វើពិធីប្រលែងបង្កងចំនួន២០០០ក្បាល ស្មើនឹង១៥០គីឡូក្រាម នៅក្នុងបឹងតាកែវ ក្រុងដូនកែវ ដើម្បីចូលរួមក្នុងការអភិរក្ស និង បង្កើនធនធានបង្កងឱ្យកាន់តែសម្បូរឡើងថែមទៀត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមការបញ្ជាក់ឱ្យដឹងពីរដ្ឋបាលខេត្ដតាកែវ ពិធីប្រលែងបង្កងនេះ ធ្វើឡើងក្រោមអធិបតីភាព លោក អ៊ូច ភា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ , លោក វ៉ី សំណាង អភិបាលខេត្តតាកែវ , លោក ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំ រដ្ឋបាលខេត្តតាកែវ និងរដ្ឋបាលខេត្តស្វាយរៀងផងដែរ។

សូមជម្រាបជូនថា បង្កងធម្មជាតិខេត្តតាកែវ គឺមានភាពល្បីល្បាញខ្លាំងនៅទូទាំងប្រទេស ដែលត្រូវបានគេទទួលស្គាល់ និងល្បីល្បាញថា ជាខេត្តដែលសម្បូរបង្កងទឹកសាបធម្មជាតិច្រើនជាងគេនៅក្នុងប្រទេសកម្ពុជា។ តាមរយៈកេរ្ដិ៍ឈ្មោះនេះ បង្កងខេត្ដតាកែវបានទាក់ទាញភ្ញៀវទេសចរជាតិ និងអន្ដរជាតិជាច្រើន អញ្ជើញទៅលេង ភ្លក់រសជាតិបង្កងផ្ទាល់នៅនឹងកន្លែង និងបង្កើតការងារជាច្រើនជូនដល់ពលរដ្ឋដែលរស់នៅក្នុងខេត្ដនេះផ្ទាល់តែម្ដង។

គួរបញ្ជាក់ផងដែរថា បង្កងធម្មជាតិនៅខេត្តតាកែវ ជារៀងរាល់ឆ្នាំ គឺសម្បូរនៅរដូវទឹកឡើងនិងចាប់ផ្តើមស្រក ចន្លោះពីខែកញ្ញាដល់ខែវិច្ឆិកា ដែលមាននៅតំបន់ទឹកលិច ក្នុងស្រុកអង្គរបូរី បូរីជលសារ និងកោះអណ្តែត៕