ថ្នាក់ដឹកនាំជាន់ខ្ពស់របស់ក្រុមហ៊ុន ជីប ម៉ុង កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤ បានរៀបចំពិធីដង្ហែអង្គកឋិនទានយ៉ាងធំ ទៅកាន់ពុទ្ធមណ្ឌលវិបស្សនាធុរៈនៃព្រះរាជាណាចក្រកម្ពុជា ដែលមានទីតាំងស្ថិតនៅខាងលិចភ្នំព្រះរាជទ្រព្យ (ភ្នំឧដ្តង្គ) ឃុំផ្សាដែក ស្រុកពញាព្ម ខេត្តកណ្តាល។
កម្មវិធីដង្ហែ «អង្គកឋិនទានសាមគ្គី» បានចាប់ផ្តើមនៅវត្តមណិរតនារាម ( វត្តទូលទំពូង ) រាជធានីភ្នំពេញ រហូតទៅដល់ពុទ្ធមណ្ឌលវិបស្សនាធុរៈនៃព្រះរាជាណាចក្រកម្ពុជា ដែលមានវត្តមានព្រះសង្ឃ លាង ពៅ (ភីធើរ) និងវត្តមានស្ថាបនិកជាន់ខ្ពស់របស់ក្រុមហ៊ុន ជីប ម៉ុង ដូចជា លោកអ្នកឧកញ៉ា ភាព ហៀក លោកអ្នកឧកញ៉ា លាង ឃុន អ្នកឧកញ៉ា លាង ម៉េង ឧកញ៉ា លាង ហួង ព្រមទាំងថ្នាក់ដឹកនាំ និងបុគ្គលិកក្រុមហ៊ុន ជីប ម៉ុង ជាច្រើនរូបទៀត។
បុណ្យកឋិនទាន ជាកាលទានមួយដ៏ថ្លៃថ្លា មានតែក្នុងព្រះពុទ្ធសាសនាតែប៉ុណ្ណោះ ដែលក្នុងមួយឆ្នាំមានតែមួយដងគត់មានរយៈពេលកំណត់ ២៩ ថ្ងៃ ដោយវត្តមួយទទួលបានតែអង្គកឋិនមួយ ជាទានមានផលានិសង្សខ្ពង់ខ្ពស់ទាំងទាយកទាយិកា និងបដិគ្គាហកៈ ជាទីជ្រះថ្លារីករាយ ដែលសាធុសប្បុរសពុទ្ធបរិស័ទផ្តួចផ្តើមសាមគ្គីគ្នាប្រារព្ធធ្វើឡើងជាអង្គកឋិនទានមួយជារៀងរាល់ឆ្នាំ បានជាពិធីបុណ្យមួយហៅថា “បុណ្យកឋិនទានសាមគ្គី”។
សូមជម្រាបថា ឧកញ៉ា លាង ពៅ (ភីធើរ) អគ្គនាយកពហុពាណិជ្ជកម្ម និងជាសមាជិកក្រុមប្រឹក្សា ភិបាល ក្រុមហ៊ុន ជីប ម៉ុង និងជាស្ថាបនិក Rev Up Cambodia បានសម្រេចចិត្តសាងផ្នួសសងគុណមាតារយៈពេលខ្លី នៅក្នុងពុទ្ធមណ្ឌលវិបស្សនាធុរៈនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៤។ បើតាមការបង្ហើបពី Rev Up Cambodia បានឱ្យដឹងថា ពិធីដង្ហែអង្គកឋិនទាននាពុទ្ធមណ្ឌលវិបស្សនាធុរៈនៃព្រះរាជាណាចក្រកម្ពុជានេះ ត្រូវបានធ្វើឡើង មុនពេលព្រះតេជគុណ លាង ពៅ (ភីធើរ) លាចាកសិក្ខាបទ៕