ផ្ទះសរុបតម្លៃជិត ៣០០លានដុល្លារ របស់អតីតភរិយាស្ថាបនិកក្រុមហ៊ុន Evergrande ប្រឈមមុខនឹងការរឹបអូស

អន្តរជាតិ

លោកស្រី Ding Yumei អតីតភរិយារបស់លោក Hui Ka-yan ដែលជាស្ថាបនិកក្រុមហ៊ុនអចលនទ្រព្យខ្នាតយក្សចិន Evergrande កំពុងប្រឈមុខទៅនឹងការរឹបអូសផ្ទះជាច្រើនកន្លែងនៅជុំវិញពិភពលោក ដើម្បីធ្វើជាផលប្រយោជន៍ដល់ម្ចាស់បំណុល។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Bloomberg។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ប្រភពដដែលនេះ បានបង្ហាញឲ្យដឹងទៀតថា ក្នុងចំណោមផ្ទះដ៏មានតម្លៃបំផុតដែលលោកស្រី Ding កំពុងកាន់កាប់ រួមមានខុនដូដ៏ប្រណីតមួយស្ថិតនៅចំកណ្តាលទីក្រុង Vancouver ប្រទេសកាណាដា ​និងផ្ទះជាច្រើនខ្នងទៀតនៅចក្រភព​អង់គ្លេស​ មានតម្លៃសរុបប្រមាណ ២៨៥លានដុល្លារ។

យ៉ាងណាមិញ Evergrande ដែលជាក្រុមហ៊ុនជំពាក់បំណុលច្រើនបំផុតលើពិភពលោក នៅតែបន្តព្យាយាមទាញយកទ្រព្យសកម្មរបស់ខ្លួន នៅទូទាំងពិភពលោក ដើម្បីដោះស្រាយបំណុល ដូច្នេះមានន័យថាទ្រព្យសម្បត្តិរបស់លោកស្រី Ding ដែលធ្លាប់ជាប់ទាក់ទងជាមួយក្រុមហ៊ុនទាំងប៉ុន្មាន ក៏កំពុងប្រឈមមុខនឹងការរឹបអូស ឬលក់ដើម្បីសងម្ចាស់បំណុលវិញ ផងដែរ។

មិនតែប៉ុណ្ណោះ តុលាការនៅទីក្រុងហុងកុង និងទីក្រុងឡុងដ៍ ក៏បានផ្តល់ដីកាបង្កកទ្រព្យសម្បត្តិនៅទូទាំងពិភពលោក របស់លោកស្រី Ding កាលពីខែកក្កដា ផងដែរ ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងក្នុងការទាញយកទឹកប្រាក់ចំនួន ៦ពាន់លានដុល្លារពីលោកស្រី រួមទាំងលោក Hui និងអតីតថ្នាក់ដឹកនាំរបស់ក្រុមហ៊ុន Evergrande ផ្សេងទៀត។

ទន្ទឹមនឹងនេះ លោក Daniel Margulies តំណាងក្រុមហ៊ុនច្បាប់ Dechert ប្រចាំនៅទីក្រុងហុងកុង ដែលមានជំនាញក្នុងការរៀបចំរចនាសម្ព័ន្ធបំណុលឡើងវិញ និងការក្ស័យធនឆ្លងប្រទេស បាននិយាយថា៖ “វាអាចបង្កើតជាមូលដ្ឋានគ្រឹះសម្រាប់សកម្មភាពផ្សេងទៀត នាពេលអនាគត ដែលក្រុមហ៊ុនជាប់បំណុល អាចនាំយកមកវិញនូវទ្រព្យសម្បត្តិជាប់ទាក់ទងរបស់ខ្លួន សម្រាប់ធ្វើជាប្រយោជន៍ដល់ម្ចាស់បំណុលបាន” ៕