វិស័យរថយន្តរបស់ប្រទេសអាឡឺម៉ង់ ដែលត្រូវបានគេទទួលស្គាល់ជាយូរមកហើយ សម្រាប់ការផលិតរថយន្តផ្តោតទៅលើភាពប្រណីត កម្លាំងម៉ាស៊ីនខ្លាំង និងប្រកបដោយភាពច្នៃប្រឌិតនោះ ហាក់កំពុងប្រឈមមុខទៅនឹងការខាតបង់ធ្ងន់ធ្ងន់ នៅក្នុងយុគសម័យនៃការប្រើប្រាស់អគ្គិសនី។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNBC។
ក្រុមហ៊ុនផលិតរថយន្តក្នុងស្រុកធំៗ ដូចជា Volkswagen, Mercedes-Benz Group និង BMW ជាដើម បានចេញការព្រមានអំពីធ្លាក់ចុះនៃប្រាក់ចំណេញរបស់ពួកគេ ក្នុងរយ:ពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដោយលើកឡើងពីភាពទន់ខ្សោយខាងសេដ្ឋកិច្ច និងតម្រូវការធ្លាក់ចុះ នៅក្នុងប្រទេសចិនដែលជាទីផ្សាររថយន្តធំជាងគេរបស់ពិភពលោក។
ទន្ទឹមនឹងនេះ អាល្លឺម៉ង់ ដែលត្រូវបានចាត់ទុកថាជាប្រទេសមានសេដ្ឋកិច្ចធំបំផុតរបស់អឺរ៉ុប កំពុងប្រឈមមុខទៅនឹងភាពមិនច្បាស់លាស់ជាច្រើនលើស្ថានភាពសេដ្ឋកិច្ចរបស់ខ្លួន រហូតធ្វើឲ្យក្រុមហ៊ុនផលិតរថយន្តក្នុងស្រុក បង្ខំចិត្តកាត់បន្ថយបុគ្គលិកជាបន្តបន្ទាប់ រួមទាំងការបិទរោងចក្ររបស់ក្រុមហ៊ុន Volkswagen នៅទឹកដីអាល្លឺម៉ង់ ជាប្រវត្តិសាស្រ្ត ផងដែរ។
មិនតែប៉ុណ្ណោះ លោក Rico Luman សេដ្ឋវិទូជាន់ខ្ពស់ផ្នែកដឹកជញ្ជូន និងភស្តុភារ ប្រចាំនៅធនាគារហូឡង់ ING បានប្រាប់ទៅកាន់ CNBC តាមរយ:អ៊ីមែលមួយថា ៖ “ខ្ញុំនៅតែជឿជាក់ថាម៉ាកយីហោគុណភាពរបស់រថយន្តអាល្លឺម៉ង់គួរតែនៅរក្សាបានដដែល ប៉ុន្តែវាមិនគ្រប់គ្រាន់នោះទេ ដោយសារឧស្សាហកម្មរថយន្តពិភពលោក កំពុងមានការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស”។
ជម្រាបជូនផងដែរ ដោយសារតែកើនឡើងនៃប្រជាប្រិយភាពលើម៉ាកយីហោរថយន្តអគ្គិសនីចិន បានធ្វើក្រុមហ៊ុនផលិតរថយន្តអាល្លឺម៉ង់ បាត់ចំណែកទីផ្សាររបស់ខ្លួនយ៉ាងខ្លាំង ដោយក្នុងនោះក្រុមហ៊ុន Volkswagen បានរាយការណ៍ពីការធ្លាក់ចុះនៃការលក់របស់ខ្លួន ដល់ ១៥% ស្របពេល BMW ក៏ទទួលរងនូវការធ្លាក់ចុះនៃការលក់យ៉ាងធ្ងន់ធ្ងរបំផុត ក្នុងរយៈពេល ៤ឆ្នាំចុងក្រោយនេះ ផងដែរ៕