តើធនាគារកណ្ដាលអាម៉េរិក នឹងបន្ថយអត្រា​ការ​ប្រាក់​ចុះបាន​ទៀត​ដល់កម្រិតណា?

អន្តរជាតិ

តើធនាគារកណ្តាលអាមេរិកនឹងកាត់បន្ថយអត្រាការប្រាក់បានចំនួនប៉ុន្មានបន្ថែមទៀត នៅឆ្នាំនេះ និងនៅឆ្នាំ២០២៥?

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ខណៈដែលភាគច្រើនកំពុងរំពឹងថានឹងមានការកាត់បន្ថយអត្រាការប្រាក់បន្ថែមទៀតនៅឆ្នាំនេះ ធនាគារកណ្តាលអាមេរិកថ្មីៗនេះបានអោយដឹងថាកុំមានសុទិដ្ឋិនិយមខ្លាំងពេក (សម្រាប់ការកាត់បន្ថយអត្រាការប្រាក់បន្ថែម) ហើយធនាគារកណ្តាលអាមេរិកនឹងមិនប្រញាប់ប្រញ៉ាលកាត់បន្ថយអត្រាការប្រាក់នោះទេ។ “ការជំរុញដោយទិន្នន័យ” បន្តត្រូវបានបញ្ជាក់សារជាថ្មីម្តងទៀត។ ដូចនេះ «កុំប្រឆាំងជាមួយធនាគារកណ្តាលអាមេរិក» ។

បើតាមការលើកឡើងពីលោក Raymond Sia នាយកប្រតិបត្តិធនាគារកាណាឌីយ៉ាដែលបានសរសេរអត្ថបទមួយទាក់ទិននឹងអត្រាការប្រាក់កាលពីមួយខែមុននៅលើ LinkedIn ផ្ទាល់ខ្លួនរបស់លោក បានឲ្យដឹងថា៖ នេះគឺធ្វើតាមនិន្នាការធ្លាក់ចុះនៃប្រាក់ដុល្លារសម្រាប់រយៈពេលបីខែកន្លងមក (ពីខែមិថុនាដល់ថ្ងៃទី២៤ ខែកញ្ញា) ដោយធនាគារកណ្តាលអាមេរិកបានកាត់បន្ថយអត្រាការប្រាក់ដល់ 50bps នៅចុងខែកញ្ញា ឆ្នាំ២០២៤។ បន្ទាប់មក ប្រាក់ដុល្លារបានចាប់ផ្តើមគន្លងកើនឡើងរបស់ខ្លួន បើទោះបីជាតម្លៃទីផ្សារមានការកាត់បន្ថយអត្រាការប្រាក់យ៉ាងតិចពីរបន្ថែមទៀតក៏ដោយ (ប្រហែលជាមានការកាត់បន្ថយតែមួយភាគប៉ុណ្ណោះដោយផ្អែកលើទិន្នន័យថ្មីៗ ) មុនឆ្នាំ២០២៤ត្រូវបានបញ្ចប់។ ដូច្នេះយើងមានសំណួរមួយចំនួនដែលគួរគិតពិចារណា។

តើនឹងមានអ្វីកើតឡើង ប្រសិនបើយើងយល់ខុសអំពីអតិផរណា?

ចុះប្រសិនបើធនាគារកណ្តាលសហរដ្ឋអាមេរិកគិតខុសអំពីគន្លងអតិផរណា ហើយអតិផរណានឹងត្រលប់មករំខានទីផ្សារ ខណៈដែលបុណ្យណូអែល/ឆ្នាំថ្មីឆ្នាំ២០២៥ ខិតជិតមកដល់?

នៅទូទាំងពិភពលោក សេដ្ឋកិច្ចនៃបណ្តាប្រទេសភាគច្រើនកំពុងបង្ហាញលទ្ធផលវិជ្ជមាននៅក្នុងការប្រយុទ្ធប្រឆាំងនឹងអតិផរណា។ នៅសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស អតិផរណានៅតែបន្តធ្លាក់ចុះបើប្រៀបធៀបទៅនឹងឆ្នាំមុន ប៉ុន្តែទិន្នន័យថ្មីៗនេះបានធ្វើឱ្យមានការភ្ញាក់ផ្អើល និងបង្កឱ្យមានការបារម្ភមួយចំនួន។ នៅក្នុងតំបន់អាស៊ាន ធនាគារកណ្តាលជាច្រើនបានរក្សាអត្រាការប្រាក់ ហើយប្រទេសមួយចំនួនថែមទាំងកាត់បន្ថយអត្រាគោលនយោបាយរូបិយវត្ថុក្នុងប្រទេសរបស់ពួកគេ ដូចជាធនាគារកណ្តាលថៃកាលពីសប្តាហ៍មុន។

យ៉ាងណាក៏ដោយ យើងត្រូវចាំថា រាល់ភាពតានតឹងភូមិសាស្ត្រនយោបាយដែលកើនឡើងបែបនេះនឹងជះឥទ្ធិពលដល់អតិផរណា ស្របនឹងការប្រញាប់ប្រញាល់រកកន្លែងសុវត្ថិភាព (ម្តងទៀត) និងផ្តល់នូវសន្ទុះបន្ថែមទៀតសម្រាប់ប្រាក់ដុល្លារ។ «អតិផរណាធ្វើឱ្យយើងធ្លាក់តម្លៃទាំងអស់គ្នា។»

សូមបញ្ជាក់ផងដែរថា លោក Raymond Sia បច្ចុប្បន្ន មានតួនាទីជានាយកប្រតិបត្តិនៃធនាគារកាណាឌីយ៉ា និងជាវាគ្មិនដែលមានបទពិសោធន៍ និងជាអ្នកសរសេរអត្ថបទអំពីធនាគារ ការប្តូរប្រាក់ និងភាពជាអ្នកដឹកនាំ។ ខាងលើគឺជាទស្សនៈផ្ទាល់ខ្លួនរបស់លោក ហើយមិនឆ្លុះបញ្ចាំងពីស្ថាប័នដែលលោកកំពុងបំពេញការងារឱ្យនោះទេ៕

ដកស្រង់និងប្រែសម្រួលពី៖ Link

ប្រភពរូប៖ REUTERS/Elizabeth Frantz/File Photo