សភាវៀតណាម បានបោះឆ្នោតជ្រើសរើសលោកឧត្តមសេនីយ៍ Luong Cuong ឲ្យឡើងធ្វើជាប្រធានាធិបតីថ្មី នៅក្នុងការផ្លាស់ប្តូរមួយដែលរំពឹងទុកថានឹងនាំមកនូវស្ថេរភាពខ្លះ ដល់ជួរនយោបាយវៀតណាម បន្ទាប់ពីមានការរុះរើទ្រង់ទ្រាយធំ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VN Express។
កាលពីថ្ងៃចន្ទ ទី២១ ខែតុលា លោក Cuong ដែលបច្ចុប្បន្នមានវ័យ ៦៧ឆ្នាំ ត្រូវបានសភាវៀតណាម សម្រេចបោះឆ្នោតជ្រើសរើសធ្វើជាប្រធានាធិបតីថ្មីអាណត្តិឆ្នាំ២០២១-២០២៦ ជំនួសលោក To Lam ដែលកំពុងកាន់តំណែងជាអគ្គលេខាធិការបក្សផង និងជាប្រធានាធិបតីវៀតណាមផង។
គួរឲ្យដឹងថាលោកឧត្តមសេនីយ Cuong ត្រូវបានជ្រើសតាំងឲ្យកាន់តំណែងកំពូលនេះ ដោយសំឡេងគាំទ្រ ១០០% នៃសមាជិករដ្ឋសភាសរុបទាំង ៤៤០ រូប។
ទន្ទឹមនឹងនេះ ក្នុងពិធីស្បថចូលកាន់តំណែង លោក Cuong បានប្តេជ្ញាថា នឹងរក្សាភាពស្មោះត្រង់ដាច់ខាតចំពោះមាតុភូមិ ប្រជាជន និងរដ្ឋធម្មនុញ្ញនៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម ហើយខិតខំបំពេញភារកិច្ចដែលបក្ស រដ្ឋ និងប្រជាជនប្រគល់ជូន ។
ជម្រាបជូនផងដែរថា មុនការបោះឆ្នោតនេះ លោក Cuong បានកាន់តំណែងដ៏សំខាន់មួយ នៅក្នុងលេខាធិការដ្ឋាននៃបក្សកុម្មុយនិស្ត ដែលធ្វើឲ្យលោកក្លាយជាមន្ត្រីជាន់ខ្ពស់បំផុតទីប្រាំ នៅក្នុងប្រទេស បន្ទាប់ពីប្រធានបក្ស ប្រធានាធិបតី នាយករដ្ឋមន្ត្រី និងប្រធានសភា។ លោក Cuong ក៏ជាសមាជិកនៃការិយាល័យនយោបាយ ដែលជាស្ថាប័នធ្វើសេចក្តីសម្រេចចិត្តកំពូលរបស់បក្ស ផងដែរ៕