លោក Mark Zuckerberg និង Jensen Huang ដែលត្រូវបានគេចាត់ទុកថាជាមហាសេដ្ឋីបច្ចេកវិទ្យាកំពូលរបស់ពិភពលោក បានឃើញទ្រព្យសម្បត្តិសរុបរបស់ពួកគេកើនឡើងយ៉ាងខ្លាំង នៅក្នុងឆ្នាំ២០២៤ នេះ។
ទ្រព្យសម្បត្តិរបស់លោក Huang ដែលជានាយកប្រតិបត្តិនៃក្រុមហ៊ុន Nvidia បានកើនឡើងចំនួន ៧៦,៥ពាន់លានដុល្លារ ក្នុងឆ្នាំនេះ ដល់ចំនួនសរុបប្រមាណ ១២១ពាន់លានដុល្លារ ស្របពេលសហស្ថាបនិកFacebook លោក Mark Zuckerberg ក៏បានឃើញទ្រព្យសម្បត្តិរបស់ខ្លួនកើនឡើងដល់ ៧៦ពាន់លានដុល្លារ ផងដែរ ខណ:ធ្វើឲ្យចំនួនទ្រព្យសម្បត្តិសរុបរបស់លោក កើនឡើងដល់ ២០៤ពាន់លានដុល្លារ។ នេះបើតាមការចុះផ្សាយពីសារ Blooberg។
មិនតែប៉ុណ្ណោះ ចំនួននៃការកើនឡើងទ្រព្យសម្បត្តិនេះ បានធ្វើឲ្យលោក Mark បច្ចុប្បន្នឈរនៅចំណាត់ថ្នាក់លេខ៣ ខណ:លោក Huang ឈរលេខ១១ នៅក្នុងបញ្ជីអ្នកមានដាច់គេនៅលើពិភពលោក។ ស្របពេលលោក Mark តាមពីក្រោយតែនាយកប្រតិបត្តិក្រុមហ៊ុន Tesla លោក Elon Musk និងស្ថាបនិក Amazon លោក Jeff Bezos ប៉ុណ្ណោះ ក្នុងបញ្ជីអ្នកមានរបស់ Bloomberg។
ជម្រាបជូននថា ទាំងលោក Mark និងលោក Huang សុទ្ធសឹងតែទទួលបានអត្ថប្រយោជន៍យ៉ាងច្រើន ពីការកើនឡើងតម្លៃភាគហ៊ុននៅក្នុងក្រុមហ៊ុនដែលពួកគេដឹកនាំដូចគ្នា។ ដោយចាប់តាំងពីដើមឆ្នាំមក តម្លៃភាគហ៊ុនរបស់ Nvidia បានកើនឡើង ១៩២% ខណ:ភាគហ៊ុនក្រុមហ៊ុន Meta កើនឡើងដល់ ៦៥%៕