មេធំ Apple ធ្វើដំណើរទៅប្រទេសចិន ជាលើកទីពីរក្នុងឆ្នាំនេះ ក្រោយការលក់ធ្លាក់ចុះ

អន្តរជាតិ

លោក Tim Coook នាយកប្រតិបត្តិក្រុមហ៊ុន Apple កំពុងស្ថិតនៅក្នុងប្រទេសចិន ជាលើកទីពីរនៅក្នុងឆ្នាំនេះ ខណ:ពេលដែលក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សរបស់សហរដ្ឋអាមេរិក ព្យាយាមស្វែងរកការជំរុញឡើងវិញ ក្រោយការលក់ធ្លាក់ចុះខ្លាំង នៅក្នុងទីផ្សារដ៏សំខាន់របស់ខ្លួនមួយនេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រុមហ៊ុនផលិតទូរស័ព្ទ iPhone នៅតែមានប្រជាប្រិយភាពខ្លាំង ក្នុងចំណោមអ្នកប្រើប្រាស់ចិន ប៉ុន្តែទោះជាយ៉ាងក៏ដោយពួកគេហាក់កំពុងជួបប្រទះការប្រកួតប្រជែងកាន់តែខ្លាំង ពីសំណាក់ក្រុមហ៊ុនផលិតទូរស័ព្ទក្នុងស្រុក នៅរយ:ពេលប៉ុន្មានឆ្នាំចុងក្រោយ ដោយសារតែប្រទេសក្នុងតំបន់អាស៊ីនេះ បានប្រឈមមុខទៅនឹងកំណើនសេដ្ឋកិច្ចយឺត និងការប្រើប្រាស់ធ្លាក់ចុះ។

យ៉ាងណាមិញ នៅក្នុងប្រទេសចិន លោក Tim Cook ត្រូវបានគេរាយការណ៍ថា បានធ្វើដំណើរទៅកាន់តំបន់ប្រវត្តិសាស្រ្តជាច្រើន នៅក្នុងទីក្រុងប៉េកាំង និងថែមទាំងបានជួបសម្ភាសជាមួយនិស្សិតសាកលវិទ្យាល័យចិន ដែលប្រើប្រាស់ផលិតផល Apple ដើម្បីអនុវត្តកម្មវិធីសិក្សារបស់ពួកគេ ថែមទៀតផង។

គួរឲ្យដឹងថា ក្រុមហ៊ុន Apple បានរាយការណ៍ពីប្រាក់ចំណេញ ២១,៤ពាន់លានដុល្លារ ក្នុងត្រីមាសរយៈពេល ៣ខែដែលត្រូវបានបញ្ចប់កាលពីខែមិថុនា ពោលគឺបានកើនឡើង ៥% បើធៀប​នឹងរយ:ពេលដូចគ្នាកាលពី​ឆ្នាំ​មុន។ ប៉ុន្តែទោះជាយ៉ាងណា ​ការ​លក់​របស់​ក្រុមហ៊ុន​ផលិត iPhone នៅ​ក្នុង​ប្រទេស​ចិន​ បាន​រង​សម្ពាធ​ពី​ដៃគូ​ប្រកួតប្រជែង​ក្នុងស្រុក​ដូច​ជា Huawei ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ។

ដោយឡែក បើយោងតាមទិន្នន័យពី Canalys ដែលជាក្រុមហ៊ុនវិភាគទីផ្សារ បានបង្ហាឲ្យដឹងទៀតថា នៅក្នុងត្រីមាសទី២ Apple បានធ្លាក់មកចំណាត់ថ្នាក់លេខ៦ ក្នុងនាមជាក្រុមហ៊ុនលក់ស្មាតហ្វូនធំជាងគេ នៅប្រទេសចិន ខណ:កាលពីឆ្នាំមុន ពួកគេឈរនៅតំណែងលេខ៣។

ជម្រាបជូនផងដែរថា លោក Tim Cook បានទៅប្រទេសចិនលើកចុងក្រោយ កាលពីខែមីនា នៅពេលដែលលោកបានទៅចូលរួមបើកសម្ពោធហាង Apple ថ្មី នៅទីក្រុងសៀងហៃ ហើយក៏បានចូលរួមវេទិកាធំមួយក្នុងទីក្រុងប៉េកាំង ជាមួយនឹងនាយកប្រតិបត្តិកំពូលផ្សេងទៀត ផងដែរ៕