ភាគហ៊ុន Hyundai ធ្លាក់ចុះជាង ៧% ក្រោយការបោះផ្សាយលក់ IPO ជាលើកដំបូងក្នុងប្រទេសឥណ្ឌា

អន្តរជាតិ

ភាគហ៊ុនរបស់ក្រុមហ៊ុន Hyundai Motor India បានធ្លាក់ចុះជាង ៧% នៅក្នុងការចេញលក់ជាលើកដំបូងរបស់ពួកគេលើទីផ្សារហ៊ុនឥណ្ឌា កាលពីថ្ងៃអង្គារ ទី២២ ខែតុលា ក្រោយការបោះផ្សាយលក់មូលបត្រជាសាធារណៈដំបូងរបស់ខ្លួន (IPO) ចំពេលមានការព្រួយបារម្ភអំពីតម្លៃដ៏ខ្ពស់ និងការធ្លាក់ចុះនៃឧស្សាហកម្មរថយន្ត។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព



ភាគហ៊ុនដែលបានចុះបញ្ជីនៅលើផ្សារហ៊ុនជាតិ ត្រូវបានផ្តល់ជូនក្នុងតម្លៃ ១ ៩៣៤រូពី ពោលគឺក្រោមតម្លៃស្នើសុំរបស់ខ្លួន ១ ៩៦០រូពី ហើយបានបន្តធ្លាក់ចុះដល់ ៧,៤% មកត្រឹម ១ ៨១៩រូពី មុនពេលបិទទីផ្សារ។ ខណ:តម្លៃមូលធនទីផ្សាររបស់ក្រុមហ៊ុន ត្រូវបានផ្តល់ជូនក្នុងតម្លៃ ១៧,៦ពាន់លានដុល្លារ។

Hyundai ដែលជាក្រុមហ៊ុនផលិតរថយន្តកំពូលលំដាប់ទី២ របស់ប្រទេសឥណ្ឌា និងមានចំណែកទីផ្សារដល់ ១៥% កំពុងកំណត់គោលដៅរបស់ខ្លួន ក្នុងការឈានដល់តម្លៃមូលធនទីផ្សារ ១៩ពាន់លានដុល្លារ តាមរយៈការបោះផ្សាយលក់មូលបត្រជាសាធារណៈដំបូងរបស់ខ្លួន (IPO) នេះ។

គួរឲ្យដឹងថាការបោះផ្សាយលក់ IPO របស់ក្រុមហ៊ុន Hyundai នេះ មានតម្លៃសរុបប្រហែលជាង ៣ពាន់លានដុល្លារ ដែលជាទំហំធំជាងគេបំផុតក្នុងប្រវត្តិសាស្រ្តនៅក្នុងប្រទេសឥណ្ឌា គិតមកទល់ពេលបច្ចុប្បន្ននេះ។

យ៉ាងណាមិញ ភាគហ៊ុនរបស់ផលិតរថយន្តគូប្រជែង នៅក្នុងប្រទេសឥណ្ឌាក៏បានធ្លាក់ចុះផងដែរ ក្នុងរយ:ពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដោយសារការលក់រថយន្តមានការថយចុះ ចំពេលអតិថិជនពន្យារពេលការទិញ ដោយសារការព្រួយបារម្ភអំពីអតិផរណា។

ទន្ទឹមនឹងនេះ លោក Arun Kejriwal ស្ថាបនិកក្រុមហ៊ុន Kejriwal Research បាននិយាយថា បញ្ហាចម្បងរបស់ក្រុមហ៊ុន Hyundai គឺពួកគេមានតម្លៃថ្លៃខ្លាំងពេក ហើយវាក៏បានប៉ះពាល់លើការចុះបញ្ជីក្នុងទីផ្សារហ៊ុនរបស់ខ្លួនផងដែរ។

ជម្រាបជូនថា ការចុះបញ្ជីក្នុងទីផ្សារហ៊ុនឥណ្ឌា គឺជាការបង្ហាញខ្លួនលើកដំបូងរបស់ក្រុមហ៊ុន Hyundai Motor នៅខាងក្រៅទីផ្សារប្រទេសកូរ៉េខាងត្បូង ខណ:ពេលដែលទីផ្សារភាគហ៊ុនរបស់ប្រទេសឥណ្ឌា បានកើនឡើងយ៉ាងខ្លាំង៕