ភូមិគ្រឹះនៅទីក្រុងហុងកុងចំនួនពីរ ដែលធ្លាប់ជាកម្មសិទ្ធិរបស់លោក Hui Ka Yan ស្ថាបនិកក្រុមហ៊ុនអចលនទ្រព្យខ្នាតយក្សចិន Evergrande Group នៅមិនទាន់លក់ចេញនៅឡើយទេ ក្នុងរយ:ពេល ១១ខែកន្លងមកនេះ បន្ទាប់ពីត្រូវបានរឹបអូសដោយម្ចាស់បំណុល។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Bloomberg។
ដោយមានទីតាំងនៅតំបន់ពិសេស 10 Black’s Link ភូមិគ្រឹះមានទំហំសរុប ៤៦៥ ម៉ែត្រការ៉េនេះ ត្រូវបានដាក់លក់ក្នុងតម្លៃប្រហែល ១១៦លានដុល្លារ និងជាអចលនទ្រព្យដ៏មានតម្លៃបំផុតមួយ ក្នុងចំណោមអចលនទ្រព្យធំៗ ៣ ផ្សេងទៀតរបស់លោក Hui ដែលត្រូវបានដាក់ជាវត្ថុបញ្ចាំ ទៅកាន់ធនាគារចិន។
ជម្រាបជូនផងដែរថា ក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យ Evergrande ដែលជាផ្នែកដ៏សំខាន់នៃវិបត្តិអចលនទ្រព្យដែលកំពុងអូសបន្លាយក្នុងប្រទេសចិន បច្ចុប្បន្នកំពុងជាប់ពាក់ព័ន្ធ ក្នុងសំណុំរឿងទូទាត់បំណុលដ៏ធំបំផុតមួយរបស់ប្រទេស។
នៅក្នុងខែសីហា ក្រុមហ៊ុន Evergrande បានប្រកាសពីកិច្ចខិតខំប្រើប្រែងរបស់ពួកគេ ដើម្បីទាមទារយកមកវិញនូវភាគលាភ និងការទូទាត់ទឹកប្រាក់ចំនួន ៦ពាន់លានដុល្លារ ពីចុងចោទចំនួន ៧នាក់ ដោយក្នុងនោះរួមមានទាំងលោក Hui ផងដែរ។ ស្របពេលមហាសេដ្ឋីចិនរូបនេះ ក៏ប្រឈមមុខនឹងបណ្តឹងផ្សេងទៀតដែលទាក់ទងនឹងការមិនទទួលខុសត្រូវ ថែមទៀតផង៕