ឯកអគ្គរដ្ឋទូតហុងគ្រីប្រចាំកម្ពុជា លោកTibor BALOGHDI បានបង្ហាញឆន្ទៈក្នុងការលើកទឹកចិត្តឱ្យវិនិយោគិនហុងគ្រីសិក្សាស្វែងយល់ និងពង្រីកឱកាសវិនិយោគរបស់ខ្លួននៅកម្ពុជាឱ្យកាន់តែច្រើនថែមទៀត។
ការបង្ហាញឆន្ទៈរបស់លោកឯកអគ្គរដ្ឋទូតហុងគ្រី ក្នុងឱកាសសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាត ឱ្យចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤។
ក្នុងឱកាសនៃជំនួបនោះ លោក Tibor BALOGHDI បានលើកឡើងពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរ និង យូរអង្វែងរវាងហុងគ្រី និងកម្ពុជា ដោយលោកបានប្ដេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំថែមទៀត។
ទន្ទឹមនឹងនោះ នៅក្នុងគោលដៅបង្កើនទំហំពាណិជ្ជកម្ម និងធុរកិច្ចរវាងប្រទេសទាំងពីរ លោកឯកអគ្គរដ្ឋទូតហុងគ្រី ក៏បានបង្ហាញឆន្ទៈក្នុងការលើកទឹកចិត្តឱ្យវិនិយោគិនហុងគ្រីសិក្សាស្វែងយល់ និងពង្រីកឱកាសវិនិយោគរបស់ខ្លួននៅកម្ពុជា ឱ្យកាន់តែច្រើនថែមទៀត។
ជាការឆ្លើយតប សម្ដេចធិបតី បានវាយតម្លៃខ្ពស់ចំពោះចំណងមិត្តភាពជាប្រពៃណី និងទំនាក់ទំនង និងសហប្រតិបត្តិការដ៏ជិតស្និទ្ធ រវាងប្រទេសទាំងពីរ និងបានសម្ដែងនូវការពេញចិត្តចំពោះកិច្ចសហប្រតិបត្តិការល្អប្រសើររវាងក្រសួងការបរទេសនៃប្រទេសទាំងពីរ តាមរយ:ការផ្លាស់ប្តូរទស្សនកិច្ចជាន់ខ្ពស់ និងយន្តការពិគ្រោះយោបល់ទ្វេភាគី ដោយសម្ដេចបានគូសបញ្ជាក់ថា យន្តការពិគ្រោះយោបល់ទ្វេភាគីរវាងរដ្ឋមន្ត្រីការបរទេសប្រទេសទាំងពីរ ជាយន្តការមួយដែលនឹងជួយពង្រឹងនិងពង្រីកនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរឱ្យកាន់តែល្អប្រសើរថែមទៀត។
ជាមួយគ្នានោះ សម្ដេចធិបតី និងឯកអគ្គរដ្ឋទូតហុងគ្រី ក៏បានពិភាក្សាអំពីការបន្តជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យអាទិភាពមួយចំនួន ជាអាទិ៍៖ ពាណិជ្ជកម្មនិងវិនិយោគ សុខាភិបាល អប់រំ ទេសចរណ៍ វប្បធម៌ និងវិស័យធនធានទឹក និងធារាសាស្រ្តផងដែរ៕