អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាម បានវិលត្រលប់មកក្នុងបញ្ជីអ្នកមានបំផុតទាំង ៥០០ នាក់ លើពិភពលោកវិញហើយ បន្ទាប់ពីភាគហ៊ុនក្រុមហ៊ុនរបស់លោកកើនឡើងយ៉ាងខ្លាំង នៅមុនការបោះឆ្នោតប្រធានាធីបតីសហរដ្ឋអាមេរិក ដែលនឹងត្រូវធ្វើឡើងនាខែវិច្ឆកា ខាងមុខ។
ទ្រព្យសម្បត្តិសរុបរបស់លោក ត្រាំ បានកើនឡើង ១១២% នៅឆ្នាំនេះ ដល់ចំនួនសរុបប្រមាណ ៦,៥ពាន់លានដុល្លារ គិតត្រឹមថ្ងៃពុធ ទី២៣ ខែតុលា ដែលធ្វើឲ្យអតីតប្រធានាធិបតីរូបនេះ ក្លាយជាអ្នកមានបំផុតទី៤៨១ នៅក្នុងបញ្ជីឈ្មោះមហាសេដ្ឋីរបស់ Bloomberg ។
រំលឹកផងដែរថា លើកចុងក្រោយដែលលោក ត្រាំ ជាប់នៅក្នុងបញ្ជីនេះ គឺកាលពី ១១សប្តាហ៍មុន។ ទ្រព្យសម្បត្តិរបស់លោក ត្រាំ បានហក់ឡើងយ៉ាងឆាប់រហ័ស នៅពេលដែលក្រុមហ៊ុន Trump Media & Technology Group Corp កើនឡើងតម្លៃជិតបីដង ចាប់តាំងពីចុងខែមុនមក។
មិនតែប៉ុណ្ណោះ បើតាម Bloomberg បានបង្ហាញឲ្យដឹងទៀតថា ទ្រព្យសម្បត្តិរបស់លោក ត្រាំ ភាគច្រើនគឺបានមកពីភាពជាម្ចាស់នៅក្នុង Trump Organization ដែលជាក្រុមហ៊ុនអចលនទ្រព្យកម្រិតអន្តរជាតិ និងជាអាជីវកម្មផ្តល់អាជ្ញាប័ណ្ណ។
ជម្រាបជូនផងដែរថា កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនរបស់លោក ត្រាំ បានប្រកាសពីការវិនិយោគចំនួន ១,៥ពាន់លានដុល្លារ នៅក្នុងកន្លែងវាយកូនហ្គោល សណ្ឋាគារ និងលំនៅដ្ឋាន ដែលស្ថិតនៅភាគខាងជើងប្រទេសវៀតណាម តាមរយៈភាពជាដៃគូជាមួយក្រុមហ៊ុនក្នុងស្រុកមួយ៕