លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា បានមានប្រសាសន៍ថា៖ការវិនិយោគរបស់ចិននៅកម្ពុជាមានកំណើនខ្ពស់គួរឱ្យកត់សម្គាល់ ក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ ដែលក្នុងនោះឆ្នាំ២០២៣ និង៩ខែដើមឆ្នាំ២០២៤នេះ ប្រទេសចិនជា ប្រភពទុនវិនិយោគធំជាងគេទី១នៅកម្ពុជា ហើយក៏មានការកើនឡើងនូវការវិនិយោគរបស់ក្រុមហ៊ុនចិននៅកម្ពុជា ក្នុងឧស្សាហកម្មដែលប្រើបច្ចេកវិទ្យាទំនើប និងមានតម្លៃបន្ថែមខ្ពស់ រួមទាំងការវិនិយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេស។
ក្នុងឱកាសទទួលជួបពិភាក្សាការងារជាមួយលោក Wang Yalian អភិបាលក្រុង Ji’an ខេត្ត Jiangxi សាធារណរដ្ឋប្រជាមានិតចិននៅព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លោក ជា វុទ្ធី បានជម្រាបជូនគណៈប្រតិភូពីស្ថានភាពវិនិយោគ ច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធនឹងការវិនិយោគរបស់កម្ពុជាដែលមានភាពបើកចំហ តម្លាភាព និងភាពអាច់ប៉ាន់ប្រមាណទុកជាមុនបាន រួមជាមួយនឹងកញ្ចប់លើកទឹកឆ្លាតវៃ។ លោកអគ្គលេខាធិការមានសុទិដ្ឋិនិយមថា ដំណើរទស្សនកិច្ចនេះនឹងជួយជំរុញទាំងការវិនិយោគ និងភ្ញៀវទេសចរចិនមកកម្ពុជាបន្ថែមទៀត។
លោកវ៉ាង យ៉ាលៀន( Wang Yalian) ប្រធានគណៈប្រតិភូចិន បានមានប្រសាសន៍ថា៖ដំណើរទស្សនកិច្ចមកកាន់កម្ពុជានាពេលនេះគឺដើម្បីស្វែងយល់ពីកាលានុវត្តភាពវិនិយោគ និងសក្តានុពលវិនិយោគរបស់កម្ពុជា។ជាពិសេសលើកកម្ពស់ទំនាក់ទំនងរវាងប្រទេសទាំងពីរ និយាយជារួម និងនិយាយដោយ ឡែកកិច្ចសហប្រតិបត្តិការរវាងក្រុង Ji’an ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងពាណិជ្ជកម្ម កម្ពុជា-ចិន។លោកបានលើកឡើងថាបរិស្ថានវិនិយោគនៅកម្ពុជាពិតជាមានភាពអំណោយផល»។
លោកប្រធានគណៈប្រតិភូក៏បានជម្រាបជូនដោយសង្ខេបអំពីក្រុង Ji’an ដែលបច្ចុប្បន្នមានការរីកចំរើនយ៉ាងឆាប់រហ័ស ហើយជាពិសេស គឺមានការវិនិយោគច្រើនក្នុងវិស័យកសិកម្ម ការកែច្នៃចំណីអាហារដោយប្រើបច្ចេកវិទ្យាទំនើប។
ជាការឆ្លើយតប លោកអគ្គលេខាធិការបានសម្តែងនូវក្តីរីករាយក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយភាគីមិត្ត ព្រមទាំងបានស្នើឱ្យគណៈប្រតិភូជួយផ្សព្វផ្សាយពីបរិស្ថានវិនិយោគរបស់កម្ពុជាជូនទៅវិនិយោគិនចិន ដើម្បីពិនិត្យលទ្ធភាពធ្វើការ វិនិយោគក្នុងវិស័យកសិ-ឧស្សាហកម្ម ដោយកម្ពុជាមានសក្តានុពលខ្ពស់ក្នុងវិស័យកសិកម្ម និងមានដំណាំយុទ្ធសាស្ត្រជាច្រើនរួមមានស្រូវ ដំឡូងមី និងស្វាយចន្ទី ជាដើម ដែលទាមទារឱ្យមានការវិនិយោគកែច្នៃក្នុងស្រុកដើម្បីបង្កើតតម្លៃបន្ថែម ព្រមទាំងពិចារណាលើការវិនិយោគ បង្កើតតំបន់សេដ្ឋកិច្ចពិសេសផងដែរ។
សូមជម្រាបជូនថា ក្នុសងរយៈពេល១ឆ្នាំ (ខែកញ្ញា ឆ្នាំ២០២៣ ដល់ខែសីហា ឆ្នាំ២០២៤) នៃរាជរដ្ឋាភិបាល នីតិកាលទី៧ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងថ្មី និងគម្រោងពង្រីកផលិតកម្មចំនួន ៣៩១គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណជាង ៧.៥ពាន់លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានប្រមាណ ៣៤១ពាន់កន្លែង។
ក្នុងចំណោមគម្រោងវិនិយោគសរុប គម្រោងវិនិយោគ ដែលមានទីតាំងស្ថិតនៅក្រៅតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ២៦១គម្រោង និងគម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ច ពិសេសមានចំនួន ១៣០គម្រោង។
គួរបញ្ជាក់ជូនផងដែរថា ក្នុងរយៈពេលពេញមួយឆ្នាំនេះ ប្រភពទុនវិនិយោគមកពីប្រទេសចិនឈរនៅលំដាប់លេខរៀងទី១ ដោយបានរួមចំណែក ៦០.៤៤% នៃទុនវិនិយោគសរុប ខណៈពេលដែលការវិនិយោគ ក្នុងស្រុកគ្របដណ្តប់ ៣២.៣១% នៃទុនវិនិយោគសរុប៕