ស្ងាត់ៗ មហាសេដ្ឋី Bill Gates ផ្តល់លុយ ៥០លានដុល្លារ គាំទ្រលោកស្រី Harris ធ្វើជាប្រធានាធិបតីថ្មី

អន្តរជាតិ

ស្ថាបនិកក្រុមហ៊ុន Microsoft លោក Bill Gates បានបរិច្ចាគទឹកប្រាក់ចំនួន ៥០លានដុល្លារ ដោយសំងាត់ទៅកាន់អង្គការមិនស្វែងរកប្រាក់ចំណេញដែលគាំទ្រទៅលើលោកស្រី Kamala Harris ក្នុងការប្រជែងតំណែងប្រធានាធិបតីសហរដ្ឋអាមេរិកអាណត្តិថ្មី។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមការចុះផ្សាយពីសារព័ត៌មាន The New York Times បានរាយការណ៍ថា មហាសេដ្ឋី Bill Gates បានសរសេរមូលប្បទានប័ត្រមួយទៅកាន់ Future Forward USA Action ជាផ្នែកមួយរបស់អង្គការមិនស្វែងរកប្រាក់ចំណេញ Super PAC Future Forward ដែលកំពុងគាំទ្រលើលោកស្រី Harris និងប្រឆាំងទៅនឹងលោក ដូណាល់ ត្រាំ។

អតីតនាយកប្រតិបត្តិក្រុមហ៊ុន Microsoft រូបនេះ ត្រូវបានគេរាយការណ៍ទៀតថា លោកហាក់មានការព្រួយបារម្ភអំពីតំណែងជាប្រធានាធិបតីលើកទីពីររបស់លោក ត្រាំ ជាពិសេសអំពីរបៀបនៃការដឹកនាំប្រទេសរបស់គាត់ ដែលអាចនឹងធ្វើឲ្យប៉ះពាល់ដល់ផែនការគ្រួសារ និងការថែទាំសុខភាព។

ប៉ុន្តែទន្ទឹមនេះ លោក Bill Gates ហាក់មិនបានបង្ហាញការគាំទ្រទៅលើលោកស្រី Harris ជាសាធារណ:នោះឡើយ ដោយលោកសង្កត់ធ្ងន់ថា លោកនឹងគាំទ្រទៅលើបេក្ខជនណា ដែលបង្ហាញពីការប្តេជ្ញាចិត្តច្បាស់លាស់ ក្នុងការធ្វើឲ្យមានភាពប្រសើរឡើងនូវសេវាថែទាំសុខភាព កាត់បន្ថយភាពក្រីក្រ និងប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុនៅក្នុងសហរដ្ឋអាមេរិក និងនៅជុំវិញពិភពលោក៕