សម្តេចធិបតី ប្រកាសឱ្យប្រើប្រាស់ទំនប់អូរតេធិបតីក្នុងខេត្តមណ្ឌលគិរី តម្លៃ ៦២លានដុល្លារ​ ជាផ្លូវការ

សង្គម​ និង​សេដ្ឋកិច្ច

ទំនប់អូរតេធិបតី ជាសមិទ្ធផលថ្មីមួយទៀតលើទឹកដីនៃខេត្តមណ្ឌលគិរី តម្លៃ៦២លានដុល្លារ​អាមេរិក ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ ដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា កាលនាព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤នេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នាឱកាសនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត វាយតម្លៃខ្ពស់ចំពោះសមិទ្ធផលនេះ ដែលនឹងក្លាយជាប្រយោជន៍ដល់ការប្រើប្រាស់ និង សេចក្ដីត្រូវការរបស់ប្រជាពលរដ្ឋក្នុងខេត្តមណ្ឌលគិរី និងដើម្បីជំរុញការធ្វើបរិវត្តកម្មកម្ពុជាឆ្ពោះទៅ «ជាប្រទេសមួយដែលធានាបាននូវសន្តិសុខទឹក,ទាំងបរិមាណ និង គុណភាព សម្រាប់ចូលរួមចំណែកដល់ការអភិវឌ្ឍលើគ្រប់វិស័យ។

ទំនប់អូរតេធិបតី ត្រូវបានសាងសង់ឡើងក្នុងពេលសម្តេចតេជោ ហ៊ុន សែន ដឹកនាំ ហើយត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នាព្រឹកថ្ងៃព្រហស្បតិ៍ ៧រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤នេះ។

ទំនប់អូរតេ បូករួមនឹងទំនប់លើ និងទំនប់ក្រោម ជាគម្រោងអភិវឌ្ឍន៍ធនធាន ទឹកសម្រាប់​ពហុ​វិស័យ ក្នុងខេត្តមណ្ឌលគិរី ដែលបានអនុវត្តការសាងសង់អស់រយៈពេលប្រមាណ ៣ឆ្នាំ ចាប់ពីខែ​តុលា ឆ្នាំ២០២១ ដល់ខែមករា ឆ្នាំ២០២៤ ដោយចំណាយថវិកាសរុបប្រមាណ ៦២លានដុល្លារ​អាម៉េរិក ក្រោមក្របខ័ណ្ឌឥណទានមូលនិធិទ្រទ្រង់ថវិការបស់រាជរដ្ឋាភិបាលកម្ពុជា។

គួរបញ្ជាក់ដែរថា យោងតាមរបាយការណ៍ពីរដ្ឋបាលខេត្តមណ្ឌលគីរី បានឱ្យដឹងថា ទំនប់អូរតេ មានទីតាំងស្ថិតក្នុងស្រុកអូររាំង មានសមត្ថភាពស្តុកទឹកបានប្រមាណ ១២លានម៉ែត្រគូប និងមានហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ។

រដ្ឋាភិបាល នៅតែចាត់ទុកថា ទំនប់នេះ មិនត្រឹមតែជួយផ្គត់ផ្គង់ធនធានទឹកដល់គ្រប់វិស័យបម្រើដល់សេចក្តី ត្រូវការរបស់ខេត្តប៉ុណ្ណោះទេ ផ្ទុយទៅវិញបណ្តាអាងទឹកនៅក្នុងតំបន់នេះក៏នឹងជួយទាក់ទាញកំណើនភ្ញៀវទេសចរណ៍ឱ្យមកកំសាន្តនៅខេត្តភូមិភាគឦសានមួយនេះផងដែរ៕ អត្ថបទ៖ ហ្សាលីន