លោក Jensen Huang ដែលជាប្រធាន និងជានាយកប្រតិបត្តិក្រុមហ៊ុនផលិតបន្ទះឈីបកំពូល Nvidia បានវ៉ាដាច់លោក Mark Zuckerberg ក្នុងនាមជាមហាសេដ្ឋីកើនទ្រព្យសម្បត្តិច្រើនបំផុតនៅឆ្នាំនេះ ជាមួយចំនួនសរុបជាង ៨១,៣ពាន់លានដុល្លារ គិតចាប់តាំងពីខែមករាមក។
ទ្រព្យសម្បត្តិរបស់ Huang បានកើនឡើងច្រើនជាងគេនៅឆ្នាំនេះ ក្នុងចំណោមមហាសេដ្ឋីទាំង ៥០០ នាក់ផ្សេងទៀត ដែលស្ថិតក្នុងបញ្ជីអ្នកមានដាច់គេរបស់សារព័ត៌មាន Bloomberg ។
គួរឲ្យដឹងថា ទ្រព្យសម្បត្តិរបស់ លោក Mark Zuckerberg ដែលជានាយកប្រតិបត្តិក្រុមហ៊ុនបណ្តាញសង្គមយក្ស Meta Platforms ត្រូវបានគេរាយការណ៍ថា មានការកើនឡើងចំនួន ៧៧,៩ពាន់លានដុល្លារ គិតនៅក្នុងឆ្នាំនេះ។
ប៉ុន្តែបើនិយាយពីទ្រព្យសម្បត្តិសរុបវិញ លោក Mark ជាប់ចំណាត់ថ្នាក់លេខ៣ ក្នុងបញ្ជីអ្នកមានដាច់គេទូទាំងពិភពលោក ជាមួយចំនួនសរុប ២០៦ពាន់លានដុល្លារ ខណៈលោក Huang ជាប់លេខ១១ ដោយមានទ្រព្យសម្បត្តិសរុបចំនួន ១២៥ពាន់លានដុល្លារ។
ជម្រាបជូនផងដែរថា ទ្រព្យសម្បត្តិរបស់លោក Huang ត្រូវបានគេសង្កេតឃើញថាមានការកើនឡើងយ៉ាងឆាប់រហ័ស បន្ទាប់ពីភាគហ៊ុនរបស់ Nvidia បានកើនឡើងម្តងហើយម្តងទៀតដល់កម្រិតកំពូលជាថ្មី នៅឆ្នាំនេះ ពោលគឺដល់ ១៩៨% ចំពេលមានការកើនឡើងនៃតម្រូវការសម្រាប់បន្ទះឈីបដែលគាំទ្រដល់បច្ចេកវិទ្យា AI៕