ផ្សោតពណ៌ផ្កាឈូកនៅខេត្តកំពត កើនឡើងដល់ ៧០ក្បាល

សង្គម​ និង​សេដ្ឋកិច្ច

ក្រសូងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានឱ្យដឹងថា ចំនួនសត្វផ្សោតពណ៌ផ្កាឈូកនៅតំបន់សហគមន៍នេសាទព្រែកត្នោត ខេត្តកំពត បានកើនឡើងដល់ ៧០ក្បាល ខណៈផ្សោតក្បាលត្រឡោកពុំទាន់អាចកំណត់ចំនួនបានហើយសត្វជ្រូកទឹកស្នាក់នៅអចិន្ត្រៃយ៍ចំនួន១ក្បាល។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការកើនឡើងនៃចំនួនសត្វផ្សោតពណ៌ផ្កាឈូកដ៏ស្រស់ស្អាតនេះ បានទាក់ចិត្តភ្ញៀវទេសចរកាន់តែច្រើនឱ្យទៅលេងសហគមន៍នេសាទព្រែកត្នោតដែលមានសម្រស់ស្អាតបែបធម្មជាតិ។

តាមរយៈការផ្សព្វផ្សាយបានទូលំទូលាយពីសំណាក់ក្រសួង ស្ថាប័នសារព័ត៌មាន និងក្រុម Influencers ចំនួនភ្ញៀវទៅកម្សាន្ត ជិះទូកមើលផ្សោតពណ៌ផ្កាឈូក មានកំណើនគួរឲ្យកត់សម្គាល់។

លោក អ៊ុក សុវណ្ណារិទ្ធ ប្រធានសហគមន៍នេសាទព្រែកត្នោត បានគូសបញ្ជាក់ថា៖ភ្ញៀវទេសចរមួយចំនួនដែលមានបំណងទៅទស្សនាសត្វផ្សោតពណ៌ផ្កាឈូក និងសត្វផ្សោតក្បាលត្រឡោក ត្រូវកក់ទូកមុនយ៉ាងហោចណាស់ ២ថ្ងៃ ដោយសារទូករបស់សហគមន៍នៅមានកម្រិត ខណៈភ្ញៀវទេសចរដែលចង់ទស្សនាសត្វផ្សោតមានចំនួនច្រើន។

លោកប្រធានសហគមន៍បានថ្លែងអំណរគុណដល់ឯកឧត្តមរដ្ឋមន្ដ្រី ក្រសួង អាជ្ញាធរ និងស្ថាប័នពាក់ព័ន្ធដែលបានជួយការពារ      បង្ក្រាបបទល្មើសនេសាទ ព្រមទាំងអភិរក្សធនធានធម្មជាតិ រាប់ចាប់តាំងពីព្រៃកោងកាង ដែលក្លាយជាជម្រកនៃវារីសត្វដែលជាចំណីរបស់សត្វផ្សោត ការការពារនិងពង្រីកស្មៅសមុទ្រជាចំណីរបស់សត្វជ្រូកទឹក។

លោកបានបញ្ជាក់ថា៖« សមិទ្ធផលនេះ បានជួយដល់ប្រជាសហគមន៍ ទាំងផ្នែកសេដ្ឋកិច្ច និងជាពិសេសនិរន្ដរភាពនៃធនធានធម្មជាតិ ស្របទៅតាមគោលនយោបាយរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលប្រឹងប្រែងធ្វើយ៉ាងណាឱ្យប្រជាជនកម្ពុជា «មានហូប មានបាន មានប្រើ និងមានរហូត»៕