ឧកញ៉ាបណ្ឌិត គីម ហ៊ាង ស្ថាបនិក និងជានាយកប្រតិបត្តិ បុរី វិមានសំណាង បានដាក់ក្តីរំពឹងថា នាពេលឆាប់ៗខាងមុខនេះ សេដ្ឋកិច្ចវិស័យដីធ្លីនៅកម្ពុជា នឹងស្ទុះឡើងវិញ នៅពេលដែលរាជរដ្ឋាភិបាលចិន ទម្លាក់កញ្ចប់ទឹកប្រាក់ប្រមាណជាង ៨០ទ្រីលានយ៉ន់ (១១ទ្រីលានដុល្លារ) សម្រាប់ជួយដល់អ្នកវិនិយោគនៅប្រទេសចិន ដើម្បីជួយជំរុញសេដ្ឋកិច្ចចិន។
តាមការចុះផ្សាយពីសារព័ត៌មាន Reuters កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤ បានឱ្យដឹងថា លោក ស៊ី ជីនពីង ប្រធានាធិបតីចិន គ្រោងដាក់ចេញវិធានការសង្គ្រោះដោយបញ្ចេញទឹកប្រាក់ប្រមាណ ១១ទ្រីលានដុល្លារ ដល់អ្នកវិនិយោគិនក្នុងស្រុក ដើម្បីជំរុញផ្សារហ៊ុនចិនឡើងវិញ និងដើម្បីជំរុញសេដ្ឋកិច្ចប្រទេសចិន ឱ្យក្លាយជាប្រទេសសេដ្ឋកិច្ចរីកចម្រើនធំបំផុតលំដាប់ទី២ នៅលើពិភពលោក។
ឧកញ៉ាបណ្ឌិត គីម ហ៊ាង អ្នកវិនិយោគលើវិស័យអចលនទ្រព្យចាស់វស្សាមួយរូបនៅកម្ពុជា យល់ឃើញថា ទឹកលុយចិនជួយ១១ទ្រីលានដុល្លារ គឺជួយដល់អ្នកអភិវឌ្ឍន៍ក្នុងស្រុក មានន័យថា លោកជួយដល់ម្ចាស់គម្រោងធំៗក្នុងស្រុក។ លោកឧកញ៉ា បានបន្តថា ការជួយនេះគឺចិនជួយខ្លួនឯង ប៉ុន្តែវានឹងជះឥទ្ធិពលល្អដល់វិស័យដីធ្លីនៅស្រុកខ្មែរ ព្រោះបើយើងនិយាយពីបំពង់ត្រយ៉ូធំដែលបូមលុយធំចូលស្រុកខ្មែរពីបរទេស គឺប្រទេសចិនលេខ១ ដូច្នេះនៅពេលណាដែលលុយចិនចំនួន ១១ទ្រីលានដុល្លារចុះមក នឹងជួយឱ្យដីធ្លីនៅស្រុកចិនដំណើរការល្អ ហើយកម្ពុជានឹងទទួលបានផលប្រយោលផងដែរ។
«ធម្មតាក្រុមហ៊ុនចិនដែលមកវិនិយោគនៅកម្ពុជា គាត់ជាក្រុមហ៊ុនកូនរបស់ក្រុមហ៊ុននៅប្រទេសចិន ដូច្នេះនៅពេលដែលក្រុមហ៊ុនធំនៅចិន ទទួលបានលុយពីរាជរដ្ឋាភិបាលចិន ធ្វើឱ្យគម្រោងដំណើរការល្អ មានផ្សារហ៊ុនគាត់ឡើង ចង់មិនចង់គាត់នឹងអាចចែករំលែកផលចំណេញមកដល់ក្រុមហ៊ុនចិននៅស្រុកខ្មែរ នោះយើងនឹងរស់ទាំងអស់គ្នា។ ខ្ញុំមើលឃើញថាល្អ ឱ្យតែទីផ្សារដីធ្លីនៅប្រទេសចិនឡើង នោះវិស័យដីធ្លីនៅស្រុកខ្មែរនឹងឡើងដូចគ្នា ព្រោះធម្មតានៅពេលឪពុកម្តាយធូរធារ នោះកូនចៅក៏អាចរស់ស្រួល»។ លោកឧកញ៉ាបណ្ឌិត បានបន្ថែម។
ជាមួយគ្នានេះ ឧកញ៉ាបណ្ឌិត គីម ហ៊ាង មើលឃើញថា ចិននឹងមកស្រុកខ្មែរវិញច្រើន គ្រាន់តែថាពេលមកវិញលើកនេះនឹងអាចចម្រាញ់ មិនបើកចំហរដូចមុន។ ទាំងលក្ខណៈភូមិសាស្ត្រ សេដ្ឋកិច្ច នយោបាយ អ្នករកស៊ីចិនត្រូវតែមកខ្មែរវិញ ព្រោះពួកគេមានរឿងជាច្រើនដែលត្រូវធ្វើនៅកម្ពុជា ពិសេសគឺសំណង់អគារជាប់គាំងទាំងនៅព្រះសីហនុ និងរាជធានីភ្នំពេញ ដើម្បីបញ្ចប់ការងារទាំងអស់នេះ។
ឧកញ៉ាបណ្ឌិត គីម ហ៊ាង បានបញ្ជាក់បែបនេះថា៖ “ជារួម ខ្ញុំរំពឹងថាឆាប់ៗនេះ នៅពេលកញ្ចប់ជាង ១១ទ្រីលានដុល្លារ ធ្លាក់មកដល់ប្រទេសចិន ជួយដល់ម្ចាស់គម្រោងចិន ចំហាយមួយចំនួនត្រឹម ០,១% មកដល់ស្រុកខ្មែរ ក៏សេដ្ឋកិច្ចវិស័យដីធ្លីនៅស្រុកខ្មែរ នឹងឡើងវិញដែរ”៕