ក្រុមហ៊ុន Honda ប្រមូលរថយន្តជាង ៧០ ម៉ឺនគ្រឿងចូលឃ្លាំងវិញ ដោយសារបញ្ហាបូមប្រេង

អន្តរជាតិ

ក្រុមហ៊ុន Honda កំពុងប្រមូលរថយន្តចំនួន ៧៨០ ០០០ គ្រឿង នៅសហរដ្ឋអាមេរិក មកជួសជុលវិញ បន្ទាប់ពីមានការព្រួយបារម្ភទៅលើបញ្ហាសុវត្ថិភាព ដោយសារមុខងារបូមសាំងក្នុងរថយន្តអាចនឹងប្រេះ និងលេចធ្លាយប្រេង។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រុមហ៊ុនផលិតរថយន្តខ្នាតយក្សរបស់ជប៉ុននេះ បានប្រាប់ទៅកាន់ រដ្ឋបាលសុវត្ថិភាពចរាចរណ៍ផ្លូវជាតិសហរដ្ឋអាមេរិកថា ការលេចធ្លាយប្រេងឥន្ធន:នៅពេលម៉ាស៊ីនបញ្ឆេះឡើង អាចបង្ករហានិភ័យជាអគ្គីភ័យបាន។

គួរឲ្យដឹងផងដែរថា រថយន្តដែលក្រុមហ៊ុន Honda នឹងត្រូវប្រមូលយកមកជួសជុលវិញ រួមមាន Accord, CR-V Hybrid និង Honda Civic ដែលភាគច្រើនជាម៉ូដែលផលិតឆ្នាំ២០២៣ ដល់ឆ្នាំ២០២៥។ ហើយការ​ប្រមូល​មក​វិញលើកនេះ ​រួម​មាន​រថយន្ត​ចំនួន ៧២០ ០០០ គ្រឿង​ នៅ​សហរដ្ឋ​អាមេរិក និង​ប្រហែល ៦១ ០០០ គ្រឿង នៅ​ប្រទេសកាណាដា។

ជម្រាបជូនផងដែរថា ចំពោះបញ្ហានេះ ខាងក្រុមហ៊ុនរថយន្ត Honda នឹងធ្វើការត្រួតពិនិត្យឡើងវិញ និងផ្លាស់ប្តូរឧករណ៍បូមប្រេងឥន្ធនៈសម្ពាធខ្ពស់ទៅតាមការចាំបាច់ដោយមិនគិតថ្លៃ ជូនដល់អតិថិជនរបស់ខ្លួនវិញ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters៕