អាកាសយានដ្ឋាន​​តារាសាគរខេត្តកោះកុង ​គ្រោង​ដំណើរការហោះហើរនាថ្ងៃទី ២៨ ​វិច្ឆិកា ​ខាងមុខនេះ

សង្គម​ និង​សេដ្ឋកិច្ច

អាកាសយានដ្ឋាន​តារាសាគរ​ខេត្ត​កោះកុង នឹង​ទទួល​ជើង​ហោះហើរក្នុង​ស្រុក​លើក​ដំបូង​នៅថ្ងៃទី ២៨ ខែ​វិច្ឆិកា​ខាងមុខនេះ ខណៈការ​បើកដំណើរការ​នេះ​មិនមែន​ទទួល​យន្តហោះ​បែប​ពាណិជ្ជកម្ម​ទេ តែជា​យន្តហោះ​ខ្នាត​តូចប្រភេទ​បែប (Taxi Flight)ប៉ុណ្ណោះ។នេះបើយោងតាម​មន្រ្តី​គ្រប់គ្រង​អាកាសយានដ្ឋាន​អន្តរជាតិ​តារាសាគរ​ខេត្ត​កោះកុង បានបញ្ជាក់ប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក កាលពីពេលថ្មីៗនេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នាយក​អាកាសយានដ្ឋាន​អន្តរជាតិ​តារា​សាគរ លោក ម៉ៅ កែវពេជ្រច័ន្ទមុន្នី ​បាន​បញ្ជាក់ថា ​​អាកាសយានដ្ឋាន​​តារាសាគរ​គ្រោង​បើកដំណើរការ​​ការ​ហោះហើរក្នុងស្រុកនៅថ្ងៃទី ២៨ ខែ​វិច្ឆិកា​ខាងមុខនេះ ដោយមាន​ក្រុមហ៊ុន​អាកាសចរណ៍​អ៊ែរ ខេមបូឌា (អតីត​ក្រុមហ៊ុន​កម្ពុជា​អង្គរ​អ៊ែរ) ដែលជាការចុះចតក្នុងស្រុក​ជាជំហានដំបូង។

ទាក់ទង​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​បម្រើ​ការ​ក្នុង​អាកាសយានដ្ឋាន លោក ម៉ៅ កែវពេជ្រច័ន្ទមុន្នី បាន​បញ្ជាក់​ថា អាកាសយានដ្ឋាន​អន្តរជាតិ​តារា​សាគរ មាន ៣ ផ្នែក​ធំៗ ក្នុង​នោះ៖ ​ផ្លូវ​រត់ និង​ចំណត​យន្តហោះ​បាន​បញ្ចប់​ ១០០% ប្រព័ន្ធ​នាំ​ផ្លូវ​ចុះ​ចត និង​វិទ្យុ​ទាក់ទង​ជាមួយ​យន្តហោះ​ក៏​រួចរាល់ ១០០% ខណៈ​អគារ​ទទួល​អ្នក​ដំណើរ (Terminal) នឹង​រួចរាល់​មុន​ថ្ងៃ​បើក​ដំណើរការ។នេះបើតាមការបញ្ជាក់បន្ថែមពីមន្រ្តីខាងលើ។

គួរបញ្ជាក់ដែរថា អាកាសយានដ្ឋាន​អន្តរជាតិ​តារា​សាគរ ត្រូវបានវិនិយោគសាងសង់ដោយក្រុមហ៊ុន Union Development Group (UDG) ដោយ​ទទួល​បាន​ដី​សម្បទាន​ពី​រដ្ឋាភិបាល​វិនិយោគ​សាងសង់​អាកាស​យានដ្ឋាន​តារា​សាគរ​តម្លៃ​ជាង ៣០០ លាន​ដុល្លារ នៅ​ស្រុក​បុទុមសាគរ​ ក្នុង​ខេត្ត​កោះកុង។

អាកាស​យានដ្ឋាន​ថ្មី​នេះ​មាន​ផ្លូវ​យន្តហោះ​ចុះ​ប្រវែង ៣២០០ ម៉ែត្រ ទទឹង​ ៦០ ម៉ែត្រ ដែល​មាន​សមត្ថភាព​​អាច​ទទួល​យន្តហោះ​ប្រភេទ A-350-900 និង Boeing 777 ជាដើម៕