មហាសេដ្ឋីមួយរូប ថាបើខ្លួនអាចវិលទៅអាយុ ១៦ឆ្នាំសារជាថ្មី នឹងទៅធ្វើរឿងមួយនេះ

អន្តរជាតិ

នៅក្នុងបទសម្ភាសន៍មួយជាមួយសារព័ត៌មាន CNBC លោក Mark Cuban ដែលត្រូវបានគេស្គាល់ថាជាមហាសេដ្ឋី បានលើកឡើងថា ប្រសិនបើលោកវិលទៅរកវ័យ ១៦ឆ្នាំម្តងទៀត លោកនឹងរកលុយឲ្យបានកាន់តែច្រើន ដោយដើរតាមគន្លងជំហានទាំងប៉ុន្មាននេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជាដំបូងបំផុត លោកនឹងរៀនពីរបៀបសរសេរ Prompts ក្នុងភាសាបញ្ញាសិប្បនិម្មិត (AI) ស្រដៀងដូចទៅនឹង ChatGPT របស់ក្រុមហ៊ុន OpenAI ឬ Gemini របស់ក្រុមហ៊ុន Google ។ បន្ទាប់មកទៀតនោះ លោកនឹងបង្រៀនមិត្តភ័ក្ត្រនៅ​ឯសាលា ឲ្យចេះពីរបៀបប្រើប្រាស់ Prompts ដែលខ្លួនបានបង្កើត ហើយក៏នឹងទៅបង្រៀនអាជីវកម្មខ្នាតតូច ទៅខ្នាតមធ្យមណា ដែលមិនទាន់ស្គាល់ថាអ្វីទៅជា AI នោះ ឲ្យអាចប្រើប្រាស់បាន ទោះបីខ្លួននៅអាយុ ១៦ឆ្នាំក៏ដោយ។

មហាសេដ្ឋីរូបនេះ បានបន្តថា ជាវិស្វករ AI prompt engineering ឬក៏ជាអ្នកអាចបង្កើត Chatbots ដែលមានសមត្ថភាពឆ្លើយសំណួរមកកាន់មនុស្សដោយភាពសុក្រឹត្យត្រឹមត្រូវបាន អាចថាជាឱកាសមួយយ៉ាងល្អក្នុងសម័យនេះ។ បើតាមវេទិការការងារ ZipRecruiter បញ្ជាក់ថា ប្រាក់បៀវត្សសម្រាប់អ្នកបង្រៀនពាក់ព័ន្ធក្នុងវិស័យ AI ខ្ទង់ ៣០ ០០០ដុល្លារក្នុងមួយឆ្នាំ ហើយការងារជាវិស្វករ AI prompt engineers ពេញម៉ោងក៏អាចរកបានដល់ ១២៩ ៥០០ដុល្លារផងដែរ។

មិនតែប៉ុណ្ណោះ លោក Cuban ថា ដើម្បីអាចក្លាយជា AI prompt engineers មិនបាច់ទៅរៀនដល់សកលវិទ្យាល័យទេ គ្រាន់តែអនុវត្តជាក់ស្តែង ឬរៀនយកវិញ្ញាបនបត្រ ដោយរៀនពីរបៀបភាសា AI ធំៗទាំងនោះដំណើរការ ហើយថ្នាក់វិញ្ញាបនបត្រតាមអនឡាញវគ្គខ្លីមួយចំនួនក៏មានបង្រៀន តួយ៉ាង Vanderbilt University ឬ IBM ដែលចាយពេលតែមួយខែ ក៏អាចចេះមូលដ្ឋានគ្រឹះនៃការប្រើប្រាស់ទៅហើយ។

បើនិយាយពីប្រវត្តិ Cuban វិញលោកចេះរកស៊ីតាំងតែពីវ័យក្មេង ដោយកាលអាយុ ១២ឆ្នាំធ្លាប់ដើរលក់ថង់ដាក់សំរាមតាមផ្ទះដើម្បីសន្សំប្រាក់ទិញស្បែកជើងកីឡាមួយគូ ហើយក៏ធ្លាប់រកស៊ីដាក់លក់របស់មានតម្លៃដើម្បីបានប្រាក់ចូលរៀននៅសាកលវិទ្យាល័យផងដែរ។ មិនតែប៉ុណ្ណោះ ក្រោយផ្អាករៀននៅមហាវិទ្យាល័យមួយរយៈ លោកបានលូកដៃពេញទំហឹងជាសហគ្រិន ដោយកន្លងមកធ្លាប់លក់បានក្រុមហ៊ុន MicroSolutions បានប្រាក់ចំនួន ៦លានដុល្លារកាលពីឆ្នាំ១៩៩០ ហើយក្រោយមកទៀតនៅឆ្នាំ១៩៩៩ បានលក់ក្រុមហ៊ុនទីពីរមានឈ្មោះ Broadcast.com របស់ខ្លួនបានប្រាក់ចំនួន ៥,៧ពាន់លានដុល្លារ។

សូមជម្រាបជូនថា បើផ្អែកតាមការស្ទាបស្ទង់ពីទស្សនាវដ្តី Forbes នាពេលបច្ចុប្បន្ននេះលោក Mark Cuban មានទ្រព្យធនសរុបចំនួន ៥,៧ពាន់លានដុល្លារ ហើយក៏ជាម្ចាស់ភាគហ៊ុនម្នាក់ក្នុង NBA’s Dallas Mavericks ហើយជាស្ថាបនិកនៃ Cost Plus Drugs ផងដែរ៕