អន្តរក្រសួង និងអង្គភាពជំនាញដែលពាក់ព័ន្ធ បានបើកកិច្ចប្រជុំពិភាក្សារួមគ្នា ដើម្បីធ្វើការវាយតម្លៃលើការងារដោះស្រាយផលប៉ះពាល់បរិស្ថាន និងសង្គម (ESIA) សម្រាប់គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េឱ្យបានឆាប់។
កិច្ចប្រជុំដែលធ្វើឡើងកាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤ បានធ្វើឡើងដោយមានការចូលរួមពីតំណាងក្រសួងសាធារណការ និងដឹកជញ្ជូន តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ តំណាងមូលនិធិសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ប្រទេសកូរ៉េ (EDCF) តំណាងសាលារាជធានីភ្នំពេញ តំណាងសាលាខេត្តកណ្តាល អង្គភាពគ្រប់គ្រងគម្រោង និងមន្ត្រីជំនាញពាក់ព័ន្ធផងដែរ។
លោក សូរ វ៉ិចទ័រ រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានសម្របសម្រួលគម្រោង បានដឹកនាំកិច្ចប្រជុំពិភាក្សាលើការងារដោះស្រាយផលប៉ះពាល់បរិស្ថាន និងសង្គម (Environmental & Social Impact Assessment-ESIA) សម្រាប់គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ បានឱ្យដឹងថា កិច្ចប្រជុំនេះធ្វើឡើងដើម្បីពិនិត្យពិភាក្សាលើការសិក្សាវាយតម្លៃពីផលប៉ះពាល់បរិស្ថាន និងសង្គម(ESIA) ក្នុងគម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ និងឈានដល់ការឯកភាពលើរបាយការណ៍ទាំងមូល ដើម្បីអាចបន្តនីតិវិធីអនុវត្តគម្រោង និងដែលធានាដល់ផលប្រយោជន៍រួមទាំងបរិស្ថាន សេដ្ឋកិច្ច និងសង្គម នៃគម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ នាពេលអនាគត។
គួររំលឹកថា គម្រោងស្ពានមិត្តភាពកម្ពុជា-កូរ៉េនេះ នឹងត្រូវសាងសង់ជាប្រភេទស្ពានខ្សែកាប(Two cable stayed bridges) មានប្រវែងសរុប ២,៣៧៥ម៉ែត្រ និងទទឹង ២៧,៥ម៉េត្រ ស្ថិតក្រោមហិរញ្ញប្បទានរបស់ធនាគាអាហរ័ណ-នីហរ័ណ នៃសាធារណរដ្ឋកូរ៉េ មានតម្លៃ តម្លៃ ២៣៥លានដុល្លារ ដែលបានចុះហត្ថលេខាកាលពីថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២២។
យ៉ាងណាមិញ ថ្មីៗនេះដែល លោក Yoon Suk-Yeol ប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េខាងត្បូង ក៏ទើបតែបញ្ជាក់ជាថ្មីយ៉ាងច្បាស់ថា ស្ពានមិត្តភាពកម្ពុជា-កូរ៉េ នឹងបើកការដ្ឋានសាងសង់ជាផ្លូវការ នៅឆ្នាំ ២០២៥ ខាងមុខនេះ ខណៈកម្ពុជារំពឹងថា វត្តមានស្ពាននេះ នឹងកាន់តែជួយពង្រឹង និងពង្រីកទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែរឹងមាំថែមទៀត។ នេះបើយោងតាមជំនួបពិភាក្សាការងារ រវាងប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េខាងត្បូង ជាមួយសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤ នៅវិមានប្រធានាធិបតី នាប្រទេសកូរ៉េ៕ អត្ថបទ៖ ហ្សាលីន