ប្រធានាធិបតីចិនលោក ស៊ី ជិនពីង និងនាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi បានជួបពិភាក្សាគ្នាជាលើកដំបូងក្នុងរយៈពេលប្រាំឆ្នាំ នៅឯកិច្ចប្រជុំកំពូល BRICS ដែលរៀបចំធ្វើឡើងនៅក្នុងទីក្រុង Kazan ប្រទេសរុស្ស៊ីកាលពីថ្ងៃពុធ។ នេះបើតាមចុះផ្សាយពីសារព័ត៌មាន Reuters។
មេដឹកនាំនៃប្រទេសសេដ្ឋកិច្ចយក្សអាស៊ីទាំងពីរ បានស្វែងរកការសម្របសម្រួលឡើងវិញ បន្ទាប់ពីមានការប៉ះទង្គិចគ្នានៅតាមបណ្តោយព្រំដែនទ្រង់ទ្រាយធំ នៅពាក់កណ្តាលឆ្នាំ២០២០ ដែលបានធ្វើឲ្យទំនាក់ទំនងទ្វេភាគីធ្លាក់ចុះជាលំដាប់ ចាប់តាំងពីពេលនោះមក។
គួរឲ្យដឹងថា ត្រឹមតែពីរថ្ងៃប៉ុណ្ណោះ បន្ទាប់ពីរដ្ឋាភិបាលទីក្រុងញូវដេលី បានប្រកាសថា ខ្លួនបានឈានដល់ការចុះកិច្ចព្រមព្រៀងជាមួយរដ្ឋាភិបាលទីក្រុងប៉េកាំង ដើម្បីដោះស្រាយជម្លោះយោធារយៈពេល ៤ឆ្នាំនៅតាមបណ្តោយព្រំដែនហិម៉ាឡៃ ដែលជាកន្លែងមានជម្លោះរវាងប្រទេសទាំងពីរ ខណ:លោក ស៊ី បានប្រាប់ទៅកាន់លោក Modi ថា ពួកគេគួរតែបង្កើនទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការបន្ថែមទៀត ប្រកបដោយប្រសិទ្ធភាព។
យោងតាមទូរទស្សន៍រដ្ឋចិន CCTV លោក ស៊ី បាននិយាយថា ៖”វាគឺជាផលប្រយោជន៍រួមជាមូលដ្ឋាននៃប្រទេស និងប្រជាជនទាំងពីរ សម្រាប់ប្រទេសចិន និងឥណ្ឌា ក្នុងការយល់ឲ្យបានត្រឹមត្រូវនូវនិន្នាការនៃប្រវត្តិសាស្រ្ត និងទិសដៅនៃការអភិវឌ្ឍទំនាក់ទំនងជាមួយគ្នា” ។
ទន្ទឹមនឹងនេះ ជាការឆ្លើយតបទៅវិញ លោក Modi បានប្រាប់លោក ស៊ី ថា ការរក្សាសន្តិភាព និងស្ថិរភាពនៅលើបន្ទាត់ព្រំដែនរបស់ពួកគេ គួរតែជារឿងអាទិភាព ហើយការជឿទុកចិត្តគ្នាទៅវិញទៅមក ការគោរព និងភាពរសើប គួរតែត្រូវចាង់ទុកជាមូលដ្ឋានចម្បងនៃទំនាក់ទំនង៕