ចិន ប្រកាសគាំទ្រប្រព័ន្ធទូទាត់ថ្មីរបស់ក្រុម BRICS ដែលស្នើឡើងដោយលោក ពូទីន

អន្តរជាតិ

ប្រទេសរុស្ស៊ី បានអនុម័តសេចក្តីប្រកាសរួមមួយដោយអំពាវនាវឲ្យមានការបង្កើតប្រព័ន្ធទូទាត់ថ្មីសម្រាប់ប្រទេសជាសមាជិក BRICS ដោយផ្អែកលើរូបិយប័ណ្ណជាតិរបស់ពួកគេ ជំនួសប្រព័ន្ធប្រតិបត្តិការរបស់ប្រទេសលោកខាងលិច ខណ:វាត្រូវបានគេចាត់ទុកថាជាសកម្មភាពមួយ ដើម្បីឆ្លើយតបទៅនឹងការដាក់ទណ្ឌកម្ម និងព្យាយាមកាត់បន្ថយការពឹងផ្នែកទៅលើប្រាក់ដុល្លារ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅក្នុងកិច្ចប្រជុំកំពូល BRICS ធ្វើឡើងក្នុងទីក្រុង Kazan កាលពីពេលថ្មីៗនេះ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានអំពាវនាវឲ្យមានការបង្កើតប្រព័ន្ធទូទាត់ថ្មី ដែលអាចគេចផុតពីទណ្ឌកម្មរបស់ប្រទេសលោកខាងលិច និងជំនួសប្រព័ន្ធទូទាត់អន្តរជាតិបច្ចុប្បន្ន SWIFT ។

ទន្ទឹមនឹងនេះ លោក ពូទីន ក៏បានចោទប្រកាន់សហរដ្ឋអាមេរិកថា បានប្រើប្រាស់ប្រាក់ដុល្លារជាអាវុធ ដោយបង្ខំឲ្យរុស្ស៊ីត្រូវស្វែងរកជម្រើសផ្សេង ខណ:ប្រធានាធិបតីរូបនេះ ​បាន​ស្នើ​ឲ្យ​មាន​ការ​បង្កើត​វេទិកា​វិនិយោគ BRICS ថ្មីមួយ ដើម្បី​គាំទ្រ​ដល់​សេដ្ឋកិច្ច​នៃបណ្តា​ប្រទេសលោក​ខាង​ត្បូង និង​បូព៌ា។

ថ្លែងក្នុងកិច្ចប្រជុំកំពូលនេះ លោក ពូទីន បានសង្កត់ធ្ងន់ថា ៖”ប្រាក់ដុល្លារត្រូវបានប្រើប្រាស់ជាអាវុធ។ យើង​ពិត​ជាមើល​ឃើញ​ថា​វាគឺ​ដូច្នេះពិតមែន។ ខ្ញុំ​គិត​ថា​នេះ​ជា​កំហុស​ធំ​មួយ​របស់​អ្នក​ដែល​ធ្វើ​បែប​នេះ”។ លោកបន្តថា ជិត ៩៥% នៃពាណិជ្ជកម្មរវាង រុស្ស៊ី និងចិន បច្ចុប្បន្នត្រូវបានធ្វើឡើងជាប្រាក់រូបល និងប្រាក់យ៉ន់។

ជុំវិញការអំពាវនាវនេះ ប្រធានាធិបតីចិន លោក ស៊ី ជិនពីង បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា កំណែទម្រង់នៃស្ថាបត្យកម្មហិរញ្ញវត្ថុអន្តរជាតិ គឺជារឿងពិបាក ប៉ុន្តែលោកបានអំពាវនាវឱ្យមានការតភ្ជាប់នៃហេដ្ឋារចនាសម្ព័ន្ធហិរញ្ញវត្ថុ ក្នុងចំណោមប្រទេសជាសមាជិក BRICS និងផ្តោតលើការប្រើប្រាស់បន្ថែមទៅលើ ធនាគារអភិវឌ្ឍថ្មី ឬហៅកាត់ថា NDB ។

ដោយមានទីស្នាក់ការកណ្តាលនៅទីក្រុងសៀងហៃ ធនាគារ NDB ត្រូវបានបង្កើតឡើងដោយសមាជិក BRICS ទាំង៥ប្រទេសដំបូង នៅក្នុងឆ្នាំ២០១៥ ខណ:ធនាគារនេះត្រូវបានបម្រើជាស្ថាប័នហិរញ្ញវត្ថុមួយ ជំនួសធនាគារពិភពលោក និងមូលនិធិរូបិយវត្ថុអន្តរជាតិមួយចំនួន រួចមកហើយ៕