ក្រុមហ៊ុន KHB Beverage ចុះMOU ដ៏ធំជាមួយ Galaxy Navatra រៀបចំមហាព្រឹត្តិការណ៍ប្រគំតន្រ្តីខ្នាតយក្សច្រើនជាងគេទូទាំងប្រទេស

សង្គម​ និង​សេដ្ឋកិច្ច

លោកអ្នកឧកញ៉ា លាង ឃុន និងអ្នកឧកញ៉ា លាង ម៉េង បានសហការចាប់ដៃគ្នាជាមួយ អ្នកឧកញ៉ា ឡេង ប្រុស តំណាងដ៏ខ្ពង់ខ្ពស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ចុះអនុស្សរណៈយោគយល់គ្នា នាំយកមហាព្រឹត្តិការណ៏ប្រគំតន្រ្តីទេសចរណ៏ខ្នាតយក្សចំនួន២ផ្សេងគ្នាគឺ «CAMBODIA BONDING CONCERT» និង «EXPREZ TOUR CONCERT» ដើម្បីជូនដល់ប្រជាជនកម្ពុជាទូទាំងប្រទេសបានកម្សាន្តសប្បាយ ចាប់ពីពាក់កណ្តាលខែវិច្ឆិកា ពោលចាប់ផ្តើមពីថ្ងៃបុណ្យអុំទូក អកអំបុកបណ្តែតប្រទីប សំពះព្រះខែខាងមុននេះតែម្តង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការទទួលសិទ្ធិរៀបចំការប្រគំតន្ត្រីនេះ អាចនិយាយបានថាផលិតកម្ម Galaxy Navatra ជាផលិតកម្ម ដែលទទួលបានការរៀបចំការប្រគំតន្រ្តីច្រើនជាងគេ មានរហូត42ទីតាំង ទូទាំងប្រទេស។

ពិធីនៃការចុះអនុស្សរណៈនៃការយោគយល់គ្នានេះ ធ្វើឡើងកាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤ នៅផ្សារទំនើប ជីបម៉ុង ២៧១មេហ្គាម៉ល។

អ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិក និងជាប្រធានក្រុមអគ្គនាយកក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានលើកឡើងថា គោលដៅធំបំផុតនៃ MOUនេះ គឺដើម្បីផ្សព្វផ្សាយពីសិល្បៈ វប្បធម៌ អរិយធម៌ខ្មែរយើងដល់កូនចៅជំនាន់ក្រោយ គ្រប់ខេត្ដក្រុងបានដឹង បានស្គាល់ពីសិល្បៈដ៏ល្អឯកអស្ចារ្យរបស់យើង។ បន្ថែមពីនោះទៀត ក៏នឹងបង្ហាញទៅកាន់ប្រទេសនៅជុំវិញពិភពលោកបានស្គាល់នូវសិល្បៈ វប្បធម៌ អរិយធម៌ខ្មែរយើងផងដែរ។

អ្នកឧកញ៉ា ឡេង ប្រុស បានលើកឡើងផងដែរថា អនុស្សរណៈនៃការយោគយល់ថ្មីរវាងក្រុមហ៊ុន ខ្មែរប៊ែវើរីជីស និងក្រុមហ៊ុន ហ្គាឡាក់ស៊ី ណាវ៉ាត្រាគ្រុប គឺជាសក្ខីភាពបង្ហាញយ៉ាងច្បាស់ពីចំណងទំនាក់ទំនង និងការជឿទុកចិត្ដគ្នាយ៉ាងរឹងមាំរវាងថ្នាក់ដឹកនាំក្រុមហ៊ុនទាំងពីរ ដែលបានបោះជំហានចេញពីកិច្ចសហប្រតិបត្ដិការធំៗ សម្រេចបាននាពេលកន្លងមកជាមួយនឹងលទ្ធផលគួរជាទីគាប់ប្រសើរសម្រាប់ភាគីទាំងពីរ។

ជាក់ស្ដែងតាមរយៈ MOUនេះ មហាព្រឹត្តិការណ៍ប្រគំតន្រ្តីទេសចរណ៍ខ្នាតយក្ស «CAMBODIA BONDING CONCERT» ចំនួន ២១ ទីតាំង និង «EXPREZ TOUR CONCERT»ចំនួន ២១ ទីតាំង ជូនដល់បងប្អូនប្រជាជនកម្ពុជាទូទាំងប្រទេស នៅខែវិច្ឆិកាខាងមុននេះ នឹងគាស់រំលើងនូវសិល្បៈខ្មែរយើងកាន់តែច្រើន នាំយកភាពរីករាយសប្បាយជាមួយនឹងចង្វាក់ភ្លេងដ៏ពីរោះ ជួបជាមួយកំពូលតារាចម្រៀងល្បីៗជាច្រើនរូប។

ក្រោយបញ្ចប់ពិធីចុះហត្ថលេខា ថ្នាក់ដឹកនាំ ក្រុមហ៊ុនទាំងពីរ ព្រមទាំង សិល្បករសិល្បៈការិនី ក៏បានទទួលទានអាហារសាមគ្គី ច្រៀងលេង ដោយភាព ក្ដីសប្បាយរីករាយ នឹងស្និទ្ធស្នាលគ្នាបំផុត៕