ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យប្រោសព្រះរាជទានគ្រឿងឥស្សរិយយស ២ប្រភេទ ជាកិច្ចបច្ឆាមរណៈចំពោះ ឯកឧត្តម ជា ចាន់តូ

សង្គម​ និង​សេដ្ឋកិច្ច

ព្រះករុណាព្រះបាទសម្ដេចបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា សព្វព្រះរាជហឬទ័យប្រោសព្រះរាជទានគ្រឿងឥស្សរិយយស ចំនួន២ប្រភេទ ជាកិច្ចបច្ឆាមរណៈចំពោះ ឯកឧត្តម ជា ចាន់តូ ដែលបានទទួលមរណភាព។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នាថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ ព្រះករុណាព្រះបាទសម្ដេចបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា សព្វព្រះរាជហឬទ័យប្រោសព្រះរាជទានគ្រឿងឥស្សរិយយស សម្ដេចព្រះមហាក្សត្រីយានី ព្រះសុីសុវត្ថិ មុនីវង្ស កុសុមៈ នារីរ័ត្ន ថ្នាក់ “មហាសិរីវឌ្ឍន៍” ជាកិច្ចបច្ឆាមរណៈចំពោះ ឯកឧត្តម ជា ចាន់តូ ដែលបានទទួលមរណភាព។

បន្ទាប់មក នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៤ ព្រះមហាក្សត្របានសព្វព្រះរាជហឬទ័យប្រោសព្រះរាជទានគ្រឿងឥស្សរិយយស “ឯករាជ្យជាតិ” ជាកិច្ចបច្ឆាមរណៈចំពោះ ឯកឧត្តម ជា ចាន់តូ ដែលបានទទួលមរណភាព បន្ថែមទៀត។

ឯកឧត្តម ជា ចាន់តូ ទេសាភិបាលកិត្តិយស ធនាគារជាតិនៃកម្ពុជា និងជាតំណាងរាស្រ្ត មណ្ឌលខេត្តកំពង់ធំ បានទទួលមរណភាព នាវេលាម៉ោង ១០និង៣៥ នាទីព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ ក្នុងជន្មាយុ ៧៣ ឆ្នាំ ដោយរោគាពាធ។

សូមជម្រាបថា ឯកឧត្តម ជា ចាន់តូ បានកាន់តំណែងជាអគ្គទេសាភិបាល នៃធនាគារជាតិ រយៈពេល២៥ឆ្នាំ តាំងពីឆ្នាំ១៩៩៨ រហូតមកដល់ឆ្នាំចុងឆ្នាំ២០២៣។ ក្នុងដំណើរ នៃការដឹកនាំធនាគារជាតិនេះ លោកបានខិតខំប្រឹងប្រែង តស៊ូ និងលះបង់កម្លាំងកាយ កម្លាំងចិត្ត ពេលវេលាប្រាជ្ញាស្មារតី ក្នុងការដឹកនាំធនាគារជាតិ ប្រកបដោយគតិបណ្ឌិត និងចក្ខុវិស័យវែងឆ្ងាយ ព្រមទាំងអភិវឌ្ឍវិស័យធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជា ឱ្យរីកចម្រើនប្រកបដោយចីរភាព រហូតមកទល់បច្ចុប្បន្ន ដែលស្ថិតក្រោមការដឹកនាំបន្តដោយលោកស្រី ជា សិរី ដែលត្រូវជាកូនស្រីបង្កើតរបស់លោក៕