នាថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៤ កម្មវិធីប្រកួតពានរង្វាន់បាល់ទាត់ វិមានសំណាង លីគ (Vimean Samnang League) លើកទី១១ ឆ្នាំ២០២៤ ដែលរៀបចំឡើងដោយឧកញ៉ាបណ្ឌិត គីម ហ៊ាង អគ្គនាយកបុរី វិមានសំណាង បានចាប់ឆ្នោតបែងចែកពូលរួចរាល់ ត្រៀមតែការប្រកួតតទល់គ្នា ដែលនឹងមកដល់នាពេលឆាប់ៗខាងមុខ។
ក្នុងនាមជាអ្នកស្រឡាញ់ និងចង់លើកស្ទួយវិស័យកីឡានៅកម្ពុជា ឧកញ៉ាបណ្ឌិត គីម ហ៊ាង បានបង្កើតពានរង្វាន់បាល់ទាត់ វិមានសំណាង លីគ នេះមករយៈពេល ១១ឆ្នាំមកហើយពោលតាំងតែពីឆ្នាំ២០១២ ដែលជាពានរង្វាន់កម្រិតពាក់កណ្តាលអាជីពធំជាងគេ និងមានអាយុកាលយូរជាងគេនៅកម្ពុជា។
សូមជម្រាបជូនថា ក្រុមបាល់ទាត់ដែលនឹងត្រូវចូលលេងក្នុងពានរង្វាន់បាល់ទាត់ វិមាន សំណាង លីគ (Vimean Samnang League) លើកទី១១ ឆ្នាំ២០២៤ នឹងចាប់ផ្តើមការប្រកួតលើទីលានវាលស្មៅ អេស៊ីលីដា ចាប់ពីថ្ងៃទី២ ខែវិច្ឆិកា ខាងមុខតទៅ។ យ៉ាងណាមិញចំពោះក្រុមបាលទាត់ដែលបានជ័យលាភីលេខ១ នឹងទទួលបាននូវពាន១ មេដាយមាស៣០ និងទឹកប្រាក់ ១២លានរៀល ចំណែកជ័យលាភីលេខ២ នឹងទទួលបានមេដាយប្រាក់ចំនួន៣០ និងទឹកប្រាក់ ៨លានរៀល រីឯក្រុមទទួលបានជ័យលាភីលេខ៣ នឹងទទួលបានមេដាយសំរឹទ្ធ៣០ និងទឹកប្រាក់ ៤លានរៀល។
គួរឲ្យដឹងថា ពាក់ព័ន្ធនឹងប្រវត្តិពានរង្វាន់មួយនេះ បានបង្កើតឡើងដំបូងក្រោមឈ្មោះថា Khmer Real Estate Cup នៅចន្លោះឆ្នាំ២០១២ ដល់ឆ្នាំ២០១៥ (៤ឆ្នាំជាប់គ្នា) ដោយមានម្ចាស់ឧបត្ថម្ភជា Khmer Real Estate Co., Ltd ។ ក្រោយមកទៀត នៅចន្លោះឆ្នាំ២០១៦ ដល់ឆ្នាំ២០១៨ (៣ឆ្នាំជាប់គ្នា) បានផ្លាស់ប្តូរឈ្មោះជា Khmer Real Estate League ដោយមានការឧបត្ថម្ភពី Khmer Real Estate Co., Ltd ។ លើសពីនោះ នៅចន្លោះឆ្នាំ២០១៩ ឆ្នាំ២០២០ និងឆ្នាំ២០២២ (៣ឆ្នាំ) បានដាក់ឈ្មោះពាននេះថា KW Cambodia League ក្រោមការឧបត្ថម្ភពី KW Cambodia ។ បន្តបន្ទាប់មក ពានរង្វាន់ដែលមានអាយុកាលយូរជាងគេនៅកម្ពុជានេះ បានផ្លាស់ប្តូរឈ្មោះមកជា ពានរង្វាន់ វិមានសំណាង លីគ (Vimean Samnang League) លើកទី១១ នៅក្នុងឆ្នាំ២០២៤ ដែលមានម្ចាស់ឧបត្ថម្ភជា បុរី វិមានសំណាង៕