ចាប់ពីពេលនេះតទៅ កម្ពុជាបានសម្រេចរៀបចំឱ្យមានការហោះហើរត្រង់ ផ្សារភ្ជាប់ពីរាជធានី និងរដ្ឋធានីនៃបណ្តាប្រទេសអាស៊ានចំនួន៨

សង្គម​ និង​សេដ្ឋកិច្ច

ចាប់ពីពេលនេះតទៅ កម្ពុជាបានសម្រេចរៀបចំឱ្យមានការហោះហើរត្រង់ ផ្សារភ្ជាប់ពីរាជធានី និងរដ្ឋធានីនៃបណ្តា ប្រទេសអាស៊ានចំនួន៨ គឺបាងកក កូឡាឡាំពួ សិង្ហបូរី ហ្សាការតា ម៉ានីល វៀងចន្ទន៍ រ៉ងហ្គូន និងហាណូយ ដោយនៅខ្វះតែរាជធានី បានដាស៊េរីបេហ្គាវ៉ាន់ ប្រទេសព្រុយណេ ប៉ុណ្ណោះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នេះបើតាមការលើកឡើងរបស់លោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ដ្រីទទួលបន្ទុករដ្ឋលេខាធិការដ្នានអាកាសចរណ៍ស៊ីវិល ក្នុងពិធីសម្ពោធជើងហោះហើរត្រង់ រវាងរាជធានីភ្នំពេញ និងរដ្ឋធានីហាណូយ កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៤។

លោក ម៉ៅ ហាវណ្ណាល់ បានឱ្យដឹងថា ការដឹកជញ្ជូនតាមផ្លូវអាកាស ក្នុងរយៈពេល៩ខែ នៃឆ្នាំ២០២៤នេះ កម្ពុជាមានក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុក និងបរទេសចំនួន៣១ ដែលកំពុងតភ្ជាប់ជើងហោះហើរ ក្នុងតំបន់ និងសកលលោក។ ជើងហោះហើរដែលកំពុងតភ្ជាប់នោះ រួមមានមកពី៨ប្រទេស ក្នុងតំបន់អាស៊ាន ចិន កូរ៉េខាងត្បូង ហុងកុង កោះតៃវ៉ាន់ ឥណ្ឌា រដ្ឋកាតា និងអេមីរ៉ាតអារ៉ាប់រួម។

លោកបន្តថា ចាប់ពីពេលនេះតទៅ កម្ពុជាបានសម្រេចរៀបចំ ឱ្យមានការហោះហើរត្រង់ ផ្សារភ្ជាប់ពីរាជធានី និងរដ្ឋធានី នៃបណ្តា ប្រទេសអាស៊ានចំនួន៨ គឺបាងកក កូឡាឡាំពួ សិង្ហបូរី ហ្សាការតា ម៉ានីល វៀងចន្ទន៍ រ៉ងហ្គូន និងហាណូយ ដោយនៅខ្វះតែរាជធានី បានដាស៊េរីបេហ្គាវ៉ាន់ ប្រទេសព្រុយណេ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី២៧​ខែតុលា កម្ពុជាបានបើកដំណើរការជើងហោះហើរទី១ របស់ក្រុមហ៊ុនអាកាសចរណ៍ Vietnam Airline រវាងរាជធានីភ្នំពេញ និងរដ្ឋធានីហាណូយ នៃប្រទេសវៀតណាម ជាផ្លូវការ ខណៈលោក ម៉ៅ ហាវណ្ណាល់ថា ការបើកដំណើរការនេះ នឹងរួមចំណែកសម្រួលការធ្វើដំណើរតាមផ្លូវអាកាស រវាងប្រទេសទាំងពីរ តាមរយៈការផ្តល់នូវជម្រើសកាន់តែប្រសើរឡើងថែមទៀត ជូនអ្នកដំណើរតាមផ្លូវអាកាស ជាពិសេសធុរៈជន និងភ្ញៀវទេសចរជាតិ និងអន្តរជាតិ។

សូមបញ្ជាក់ផងដែរថា រយៈពេល៩ខែ ឆ្នាំ២០២៤នេះ កម្ពុជាទទួលបានអ្នកធ្វើដំណើរតាមផ្លូវអាកាសជាង៤លាន ៥សែននាក់ កើនឡើង២២% ធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២៣ ដែលមានចំនួនត្រឹមតែជាង ៣លាន ៧សែននាក់ ប៉ុណ្ណោះ៕