ថ្មីៗនេះ បន្ទាប់ពីបទចម្រៀង «កឋិនសាមគ្គីមហាគ្រួសារខ្មែរ» របស់ ផលិតកម្ម Galaxy Navatra បានផលិតរួចរាល់ និងបានចេញជាផ្លូវការហើយនោះ មានមហាជនជាច្រើនបានគាំទ្រ និងសម្ដែងការពេញចិត្ដចំពោះបទចម្រៀងមួយបទនេះយ៉ាងខ្លាំង។
បន្ទាប់ពីផលិតរួចរាល់បទចម្រៀងមួយបទនេះ ត្រូវបានសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី យកទៅផុសនៅលើផេកផ្លូវការទាំងពីររបស់សម្ដេច ទទួលបានការគាំទ្រ និងមានអ្នកទស្សនាជាច្រើនលានដងផងដែរ ត្រឹមតែរយៈពេល១ថ្ងៃប៉ុណ្ណោះ។
បទ «កឋិនសាមគ្គីមហាគ្រួសារខ្មែរ» ត្រូវបានគេដឹងថា ជាបទចម្រៀងប្រវត្ដិសាស្រ្ដសម្រាប់ជាតិខ្មែរ ដែលបានផលិតឡើងដោយ ផលិតកម្មខ្នាតយក្ស Galaxy Navatra ក្រោមការយកចិត្ដទុកដាក់ និងដឹកនាំផលិតផ្ទាល់ពីអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា សម្រាប់ជូនសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលសម្ដេច គ្រោងនឹងដង្ហែអង្គកឋិនទាន ជាប្រវត្តិសាស្រ្តទៅវត្តខ្មែរក្រោម នាដើមខែវិច្ឆិកា ខាងមុខនេះ។
តាមរយៈបទចម្រៀងមួយនេះ មហាជនបានសង្កេតឃើញថាមានចំណុចពិសេសៗជាច្រើនរំលេចឡើងតាមបទចម្រៀង មានដូចជា៖ ជាបទចម្រៀងដែលច្រៀងរួមគ្នាដោយកំពូលតារាចម្រៀងចំនួន៥ដួង មានដូចជា កំពូលតារាចម្រៀង ព្រាប សុវត្ថិ ខេមរៈ សិរីមន្ត ខេម តន់ ចន្ទសីម៉ា និង ខាន់ ជេមស៌។ បន្ថែមពីនោះ បទនេះក៏មានការចូលរួមសម្ដែងពីតារាសិល្បៈរាមច្បង, ក្រុមសាលាវិចិត្រសិល្បៈ និងតារាសម្តែងជំនាន់ក្រោយជាច្រើននាក់ផងដែរ។
សូមជម្រាបជូនថា បទ«កឋិនសាមគ្គីមហាគ្រួសារខ្មែរ» ត្រូវបានគ្រប់គ្រងការផលិតដោយអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ផ្ទាល់ និងផ្តួចផ្តើមការផលិតដោយ ឯកឧត្តម ហ៊ឹម សុភា(នភា) អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា និងឯកឧត្តម ហ៊ី វីរៈ ។
បទ «កឋិនសាមគ្គីមហាគ្រួសារខ្មែរ» ជាចម្រៀងប្រវត្តិសាស្រ្តថ្មីមួយទៀត ដែលផលិតកម្មយក្សមួយនេះ ផលិតឡើងសម្រាប់ជាតិ បន្ទាប់ពីបទ«ស្រឡាញ់អ្វីដែលខ្មែរមាន» បទ«ប្រាំសីហាការដ្ឋានប្រវត្តិសាស្រ្តហ្វូណនតេជោ»។
មហាជនរំពឹងថា តាមរយៈបទ«កឋិនសាមគ្គីមហាគ្រួសារខ្មែរ» ដែលផលិតដោយGalaxy Navatra ច្រៀងរួមគ្នាដោយកំពូល តារាចម្រៀង ព្រាប សុវត្ថិ ខេមរៈ សិរីមន្ត ខេម តន់ ចន្ទសីម៉ា និង ខាន់ ជេមស៌ ខាងលើនេះ នឹងជម្រុញឲ្យ អង្គកឋិនទានជាប្រវត្តិសាស្រ្តទទួលបានការគាំទ្រច្រើនពីមហាជនជាក់ជាមិនខាន ស្របពេលដែលប្រទេសកម្ពុជា ដល់រដូវ គ្រប់វត្តអារាម កំពុងតែប្រារព្ធបុណ្យកឋិនទានផងនោះ៕