សភាពាណិជ្ជកម្មហុងកុង នឹងបន្តជួយទាក់ទាញអ្នកធុរកិច្ចរបស់ខ្លួនឱ្យមកវិនិយោគបន្ថែមនៅកម្ពុជា

សង្គម​ និង​សេដ្ឋកិច្ច

គណៈប្រតិភូសភាពាណិជ្ជកម្មហុងកុង (Hong Kong General Chamber of Commerce) ដែលតំណាងដោយ លោក Dewan Saiful Alam ប្រធានគណៈកម្មការទទួលបន្ទុកកិច្ចការអាស៊ី, អាហ្វ្រិក និងមជ្ឈិមបូព៌ា បានសន្យាថា នឹងជួយទាក់ទាញអ្នកធុរកិច្ចឱ្យមកវិនិយោគបន្ថែមនៅកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកថ្លែងបែបនេះ ក្នុងជំនួបពិភាក្សាការងារ ជាមួយលោក នុត អ៊ុនវ័ណរ៉ា អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤។

នាឱកាសនោះ​ លោក Dewan Saiful Alam បានលើកឡើងថា គោលបំណងនៃជំនួបពិភាក្សានេះ គឺបំណងឈ្វេងយល់អំពីបរិយាកាស, សក្តានុពល និងកាលានុវត្តភាពវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា។

លោក Dewan ក៏បានសម្តែងនូវការកត់សម្គាល់ចំពោះការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការកែលម្អបរិស្ថានធុរកិច្ចសំដៅផ្តល់កិច្ចសម្រួល ការលើកទឹកចិត្ត និងការថែទាំជូនវិនិយោគិន។ ជាមួយគ្នានេះ លោក ក៏បានបង្ហាញនូវការស្វាគមន៍យ៉ាងជ្រាលជ្រៅចំពោះក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាក្នុងការបន្តកិច្ចសហប្រតិបត្តិការឱ្យកាន់តែស្អិតល្មួតរវាងសហគមន៍ធុរកិច្ចហុងកុងសំដៅទាក់ទាញវិនិយោគិនបន្ថែមទៀតឱ្យមកចាប់យកឱកាសវិនិយោគនៅកម្ពុជា ហើយសភាពាណិជ្ជកម្មហុងកុងក៏នឹងគាំទ្រនិងផ្សព្វផ្សាយដល់សមាជិករបស់ខ្លួនផងដែរ។

ជាការឆ្លើយតប លោក នុត អ៊ុនវ័ណរ៉ា បានម្រាបជូនភាគីមិត្តអំពីបច្ចុប្បន្នភាពថ្មីនៃបរិយាកាសវិនិយោគដែលរាជរដ្ឋាភិបាលបានផ្តោតការយកចិត្តទុកដាក់ខ្ពស់ក្នុងការធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធរឹង និងទន់សំដៅបង្កភាពងាយស្រួលសម្រាប់វិនិយោគិនក្នុងការបណ្តាក់ទុនវិនិយោគប្រកបដោយទំនុកចិត្ត និងភាពកក់ក្តៅ។

គួរបញ្ជាក់ដែរថា តាមរយៈជំនួបខាងលើ គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក៏បានធ្វើការពិពណ៌នាជូនសមភាគីអំពីវឌ្ឍនភាពម៉ាក្រូសេដ្ឋកិច្ចជាតិដែលបាន និងកំពុងរីកលូតលាស់ប្រកបដោយភាពធន់តាមរយៈកំណើនសេដ្ឋកិច្ចជាលំដាប់ អត្រាអតិផរណាដែលអាចគ្រប់គ្រងបានកំណើននៃរំហូរវិនិយោគ អត្រាប្តូរប្រាក់ដែលមានស្ថិរភាព និងការប្តេជ្ញាចិត្តខ្ពស់ពីគ្រប់តួអង្គពាក់ព័ន្ធក្នុងការចូលរួមធ្វើពិពិធកម្មមូលដ្ឋានសេដ្ឋកិច្ចនៅកម្ពុជាថែមទៀត៕ អត្ថបទ៖ ហ្សាលីន