ឥណ្ឌូណេស៊ី ពិចារណានាំចូលអង្ករ ១ លានតោន ពីប្រទេសឥណ្ឌា នៅឆ្នាំក្រោយ

អន្តរជាតិ

យោងតាមរដ្ឋមន្ត្រីសម្របសម្រួលសម្រាប់កិច្ចការស្បៀងអាហារ លោក Zulkifli Hasan បាននិយាយថា រដ្ឋាភិបាលឥណ្ឌូណេស៊ី កំពុងពិចារណាលើផែនការនាំចូលអង្ករចំនួន ១ លានតោនពីប្រទេសឥណ្ឌា នៅក្នុងឆ្នាំ២០២៥ ខាងមុខ ដើម្បីទទួលបានការផ្គត់ផ្គង់គ្រប់គ្រាន់ អំឡុងពេលរង់ចាំរដូវកាលប្រមូលផលដ៏សំខាន់របស់ខ្លួន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការិយាល័យស្ថិតិជាតិ បាននិយាយនៅដើមខែនេះថា ទិន្នផលស្រូវរបស់ប្រទេសឥណ្ឌូណេស៊ី ត្រូវបានគេប៉ាន់ប្រមាណថានឹងធ្លាក់ចុះ ២,៤៣% នៅឆ្នាំនេះ មកនៅត្រឹមចំនួន ៣០,៤ លានតោន ប៉ុណ្ណោះ ដោយសារតែការពន្យារពេលក្នុងការដាំដុះ និងរដូវប្រមូលផលចំពេលអាកាសធាតុ​រាំង​ស្ងួតយូរ។

ទន្ទឹមនឹងនេះ ប្រធានទីភ្នាក់ងារអាហារជាតិ លោក Arief Prasetyo Adi បានប្រាប់អ្នកយកព័ត៌មានថា៖ “យើងត្រូវការអង្ករបន្ថែម ១ លានតោន ដូច្នេះយើងនឹងអាចឆ្លងផុតខែកុម្ភៈ។ ជាធម្មតាទិន្នផលស្រូវអង្ករចាប់ពីខែធ្នូដល់ខែកុម្ភៈ មានចំនួនទាបខ្លាំង”។

គួរឲ្យដឹងថា អង្ករគឺជាអាហារចម្បងសម្រាប់ប្រជាជនភាគច្រើន ដែលមានចំនួន ២៨០ លាននាក់របស់ប្រទេសឥណ្ឌូណេស៊ី ហើយការប្រមូលផលស្រូវអង្ករសំខាន់ៗ ជាធម្មតាត្រូវចាប់ផ្តើមនៅក្នុងខែមីនា។

ការ​នាំ​ចូល​អង្ករ​របស់​ប្រទេស​ឥណ្ឌូណេស៊ី​បាន ​ហក់​ឡើងខ្លាំង​ក្នុង​រយៈ​ពេល​ពីរ​ឆ្នាំ​កន្លង​មក​នេះ ដោយ​បាន​កើន​ដល់​ជាង ៣ លាន​តោន ក្នុង​មួយ​ឆ្នាំ។

ជម្រាបជូនថា ឥណ្ឌូណេស៊ី ​មាន​បំណង​នាំ​ចូល​អង្ករ​សរុបដល់​ទៅ ៣,៦ លាន​តោន​នៅ​ឆ្នាំ​នេះ ខណ:ពួកគេក៏គ្រោងនឹងពង្រីកផ្ទៃដីស្រែចន្លោះពី ៧៥ ម៉ឺនហិកតា ទៅ ១ លានហិចតា នៅឆ្នាំក្រោយផងដែរ ដើម្បីសម្រេចបាននូវគោលដៅរបស់ប្រធានាធិបតី លោក Prabowo Subianto ក្នុងការពឹងផ្អែកលើស្បៀងអាហារដោយខ្លួនឯង៕