លទ្ធផលបាក់ឌុបឆ្នាំ២០២៤ បានចេញជាផ្លូវការហើយ នារសៀលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤នេះ ដោយនៅក្នុងក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា មានបេក្ខជនជាប់ជាង១០ម៉ឺននាក់ និងទទួលបាននិទ្ទេស A ចំនួន ២,២១៦នាក់។
តាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ថ្ងៃទី០៨ តុលា ២០២៤ បេក្ខជនប្រឡងជាប់សរុប ១០៦ ៣៥១ នាក់ ត្រូវជា ៧៩.០០ ភាគរយនៃចំនួន បេក្ខជនមកប្រឡង។ បេក្ខជនជាប់និទ្ទេស A ចំនួន ២ ២១៦ នាក់, និទ្ទេស B ចំនួន ៩ ៧០១ នាក់, និទ្ទេស C ចំនួន ២២ ៦៧៥ នាក់, និទ្ទេស D ចំនួន ៣៦ ៦៨៣ នាក់, និងនិទ្ទេស E ចំនួន ៣៥ ០៧៦ នាក់។
សូមជម្រាបជូនថា ការប្រកាសលទ្ធផលនៃប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នឹងប្រព្រឹត្តទៅនៅថ្ងៃទី ៣០ ខែតុលា ឆ្នាំ២០២៤ សម្រាប់រាជធានីភ្នំពេញ និងខេត្តកណ្តាល និងថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ សម្រាប់ខេត្តដទៃទៀត៕