ក្រសួងសាធារណការ នឹងប្រើប្រាស់ផ្ទៃដី ៣០ហិកតា ដើម្បីសាងសង់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ នៅក្រុងតាខ្មៅ

សង្គម​ និង​សេដ្ឋកិច្ច

ក្រសួងសាធារណការ និងដឹកជញ្ជូន នឹងប្រើប្រាស់ផ្ទៃដីប្រមាណ ៣០ហិកតា ដើម្បីសាងសង់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ នៅក្រុងតាខ្មៅ ខេត្តកណ្តាលនាពេលខាងមុខ។នេះបើយោងតាមកិច្ចកិច្ចប្រជុំ ដើម្បីផ្តល់ការសម្របសម្រួល និងកិច្ចសហការពីភាគីពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋានលើការអនុវត្តគម្រោងសាងសង់ខាងលើ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កិច្ចប្រជុំដែលធ្វើឡើង កាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤ ដឹកនាំដោយលោក រស់ វណ្ណា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយកគម្រោង និងលោក គួច ចំរើន អភិបាលនៃគណ:អភិបាលខេត្តកណ្តាល ព្រមទាំងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត។

លោក រស់ វណ្ណា បានឱ្យដឹងថា កិច្ចប្រជុំនេះរៀបចំឡើងដើម្បីពិភាក្សាការងារសម្របសម្រួល និងផ្តល់កិច្ចសហការពីគ្រប់ភាគីពាក់ព័ន្ធ សំដៅដល់ការចាប់ផ្តើមការងារសាងសង់គម្រោងអភិវឌ្ឍន៍ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ ក្រុងតាខ្មៅ ខេត្តកណ្តាល ប្រព្រឹត្តទៅដោយរលូន។ គម្រោងនេះស្ថិត ក្រោមហិរញ្ញប្បទាន ដោយមូលនិធិសម្រាប់កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ច របស់ធនាគារអាហរ័ណ-នីហរ័ណនៃសាធារណរដ្ឋកូរ៉េ។

សូមបញ្ជាក់ផងដែរថា គម្រោងអភិវឌ្ឍន៍ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ ក្រុងតាខ្មៅនេះ គឺជាគម្រោងជំហានទី១ ដែលក្រៅពីការងារស្ថាបនាបណ្តាញលូទឹកកខ្វក់ លូទឹកភ្លៀង និងស្ថានីយបូមទឹកកខ្វក់តូចធំ។តាមរយៈគម្រោងសាងសង់នេះដែរ ក្រសួងក៏នឹងប្រើប្រាស់ផ្ទៃដីប្រមាណ៣០ហិកតា ស្ថិតនៅភូមិព្រែកថី សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល ដែលត្រូវបានចុះហត្ថលេខាលើកិច្ចសន្យាសាងសង់កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ ជាមួយក្រុមហ៊ុន Joint Venture of KUMHO-TECHCROSS៕ អត្ថបទ៖ ហ្សាលីន