ទ្រព្យសម្បត្តិសរុបរបស់អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រា បានធ្លាក់ចុះជាង ១ពាន់លានដុល្លារ គិតត្រឹមថ្ងៃពុធ ទី៣០ ខែតុលាកន្លងទៅ នៅពេលដែលភាគហ៊ុននៅក្នុងក្រុមហ៊ុនបណ្តាញសង្គម Trump Media & Technology Group ធ្លាក់ចុះ ២០% ខណ:ថ្ងៃបោះឆ្នោតកាន់តែខិតជិតមកដល់។
តាមការចុះផ្សាយពីសារព័ត៌មាន Forbes បានបង្ហាញឲ្យដឹងថា តម្លៃហ៊ុនរបស់ក្រុមហ៊ុន Trump Media បានធ្លាក់ចុះមកត្រឹមតែជាង ៤១ដុល្លារ ក្នុងមួយហ៊ុនប៉ុណ្ណោះ គិតត្រឹមម៉ោង ១ រសៀល ក្រោយបញ្ចប់ការជួញដូរចុងក្រោយលើទីផ្សារហ៊ុន Nasdaq ។
ទន្ទឹមនឹងនេះ តម្លៃមូលធនទីផ្សាររបស់ក្រុមហ៊ុន Trump Media ក៏បានធ្លាក់ចុះពីចំនួន ៥,៩ពាន់លានដុល្លារ កាលពីថ្ងៃអង្គារ មកនៅត្រឹម ៤,៧ពាន់លានដុល្លារ ផងដែរ។
ជម្រាបជូនផងដែរថា ការធ្លាក់ចុះនៃភាគហ៊ុននេះ បានធ្វើឲ្យទ្រព្យសម្បត្តិសរុបរបស់លោក ត្រាំ ឥឡូវនេះ ថយមកនៅប្រហែល ៦,៩ពាន់លានដុល្លារ បន្ទាប់ពីបានធ្លាក់ចុះអស់ ១,២ពាន់លានដុល្លារ (១៤%) កាលពីថ្ងៃពុធ។
តែទោះជាយ៉ាងណា មុនការធ្លាក់ចុះនេះ ទ្រព្យសម្បត្តិរបស់អតីតប្រធានាធិបតីរូបនេះ បានកើនឡើងយ៉ាងចាប់រហ័ស ក្នុងខែនេះ នៅពេលដែលភាគហ៊ុនរបស់ Trump Media បានឈានដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មាន ចាប់តាំងពីថ្ងៃទី៥ ខែមិថុនា មក៕