ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ បានចេញព្រះរាជក្រឹត្យ (ថ្មី) ស្តីពីគោរមងារឧកញ៉ា ដែលមាន១១ជំពូក និង២១មាត្រា។ ព្រះរាជក្រឹត្យថ្មីនេះ ពុំបានចងកាតព្វកិច្ច តម្រូវឱ្យលោកអ្នកឧកញ៉ា អ្នកឧកញ៉ា និងឧកញ៉ា ត្រូវបង់វិភាគទានប្រចាំឆ្នាំជូនរាជរដ្ឋាភិបាលដូចព្រះរាជក្រឹត្យចាស់នោះទេ។
តាមព្រះរាជក្រឹត្យ (ចាស់) ស្តីពីគោរមងារឧកញ៉ា លេខ នស/រកត/១០២៣/២២៥០ ចុះថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ មាត្រា២១ មានវាក្យខណ្ឌមួយបានចែងថា៖ “លោកអ្នកឧកញ៉ា អ្នកឧកញ៉ា និងឧកញ៉ា មានកាតព្វកិច្ចបង់វិភាគទានប្រចាំឆ្នាំ ដើម្បីចូលរួមចំណែកកសាងនិងអភិវឌ្ឍប្រទេសជាតិ លើកលែងតែគោរមវន្តដែលមានចំណេះជំនាញពិសេសលើវិស័យណាមួយ ហើយមានការទទួលស្គាល់ជាផ្លូវការពីស្ថាប័នុមានសមត្ថកិច្ចជាតិឬអន្តរជាតិ។
ដោយឡែកព្រះរាជក្រឹត្យ ស្តីពីគោរមងារឧកញ៉ា (ថ្មី) ពុំបានចងកាតព្វកិច្ចបង់វិភាគទានប្រចាំឆ្នាំទៀតនោះទេ។ ក្នុងនោះ មាត្រា១៦ បានចែងថា លោកអ្នកឧកញ៉ា អ្នកឧកញ៉ា និងឧកញ៉ា មានសិទ្ធិនិងកាតព្វកិច្ច ដូចខាងក្រោម៖
១.ទទួលបាននូវការផ្តល់ងារជាតិកិត្តិយស ការលើកទឹកចិត្ត និងឯកសណ្ឋានផ្លូវការ ឬការចាត់តាំងក្នុងមុខងារ ដែលមិនត្រូវបានហាមឃាត់ក្នុងព្រះរាជក្រឹត្យនេះ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន
២.អាចលើកសំណូមពរឬសំណើផ្សេងៗ តាមរយៈសមាគមឧកញ៉ាកម្ពុជា មករាជរដ្ឋាភិបាល ដើម្បីពិនិត្យនិងដោះស្រាយ
៣.ចូលរួមថែរក្សា ការពារវប្បធម៌ ប្រពៃណី និងទំនៀមទម្លាប់ដ៏ល្អរបស់ជាតិ
៤.ចូលរួមចំណែកកសាងនិងអភិវឌ្ឍប្រទេសជាតិតាមការអំពាវនាវឬសំណូមពររបស់រាជរដ្ឋាភិបាល
៥.ចូលរួមលើកកម្ពស់ កិច្ចការសង្គម និងការងារមនុស្សធម៌ផ្សេងៗ
៦.ចូលរួមផ្តល់ព័ត៌មានដល់សមាគមឧកញ៉ាកម្ពុជា ក្នុងការធ្វើបច្ចុប្បន្នភាពបញ្ជីឈ្មោះគោរមវន្ត។
សូមជម្រាបថា អនុក្រឹត្យស្ដីពីបែបបទ និងនីតិវិធីនៃការស្នើសុំ និងវាយតម្លៃក្នុងការផ្តល់គោរមងារឧកញ៉ា និងការបញ្ចប់គោរមងារឧកញ៉ា លេខ ១២៩ អនក្រ.បក ចុះថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤ ដែលមាត្រា២៤ បានចែងថាគោរមវន្ដដែលមានគោរមងារលោកអ្នកឧកញ៉ា អ្នកឧកញ៉ា និងឧកញ៉ា ត្រូវមានភារកិច្ចនៅក្នុងការបង់វិភាគទានជូនរដ្ឋាភិបាលជារៀងរាល់ឆ្នាំ ប្រហែលចាប់ពី ៨ពាន់ដុល្លារ ១ម៉ឺន៥ពាន់ដុល្លារ និង១០ម៉ឺនដុល្លារ ត្រូវបាននារាករណ៍វិញផងដែរ៕