នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤ ក្រុមហ៊ុនចិនមួយមានឈ្មោះថា Shenzhen EngineAI Robotics បានបញ្ចេញនូវមនុស្សយន្ត SE01 ដែលត្រូវបានរចនាឡើងមកជាមួយបច្ចេកវិទ្យាទំនើប និងមានរូបរាងយ៉ាងស្រស់ស្អាត។
បើតាមគេហទំព័រ Interesting Engineering បានបង្ហាញឲ្យដឹងថា លក្ខណៈពិសេសមួយក្នុងចំណោមលក្ខណៈពិសេសដ៏ទៃទៀតរបស់ SE01 នោះគឺជាប្រព័ន្ធខួរក្បាលមានបច្ចេកវិទ្យាឈានមុខ ដែលអាចធ្វើឲ្យមនុស្សយន្តមួយនេះ មានសមត្ថភាពដើរដូចទៅនឹងមនុស្សបែបលក្ខណៈធម្មជាតិ មានភាពរលូន ទោះបីជាស្ថិតនៅក្នុងស្ថានភាពបែបណាក៏ដោយ។
កន្លងមក មនុស្សយន្តភាគច្រើន ហាក់មានចលនាខុសស្រឡះពីមនុស្ស ដោយបោះជំហានម្តងៗ មានលក្ខណៈពត់ជង្គង់ ខុសស្រឡះពីដំណើរធម្មជាតិរបស់មនុស្ស។ យ៉ាងណាការបោះជំហានរបស់ SE01 មានភាពរហ័សរហួន និងរលូន បង្ហាញនូវអាកប្បកិរិយាស្រដៀងនឹងមនុស្សពិតៗ។
មនុស្សយន្តនេះ បានបំពាក់បន្ទះឈីបដែលផលិតចេញពីក្រុមហ៊ុនល្បីៗចំនួនពីរនោះគឺ Nvidia និង Intel ព្រមទាំងបំពាក់កាំមេរ៉ាចំនួនបីគ្រាប់ ធ្វើឲ្យការចាប់រូបភាពបានច្បាស់ល្អ និងគ្រប់ជ្រុងជ្រោយ។ មិនត្រឹមតែប៉ុណ្ណោះ ការរួមបញ្ចូលគ្នានៃការបំពាក់ឧបករណ៍ទាំងនេះ នឹងអនុញ្ញាតឲ្យខួរក្បាលរបស់មនុស្សយន្តមានប្រតិបត្តិការគណនាទិន្នន័យបានជាក់ស្តែង និងកាន់តែជំនាញដោះស្រាយបញ្ហានៅជុំវិញខ្លួន។
លើសពីនោះ ក្រុមហ៊ុន EngineAI បានជ្រើសរើសយកលោហៈធាតុអាលុយមីញ៉ូម បំពាក់លើតួខ្លួន SE01 ដែលផ្តល់ឲ្យមនុស្សយន្តមានតួខ្លួនរឹងមាំ និងមានទម្ងន់ស្រាល ខណៈសម្ភារៈដែលបំពាក់នឹងកាន់តែបង្កើននូវភាពធន់ ព្រមទាំងអាចឲ្យប្រព័ន្ធមេកានិចរបស់ SE01 កាន់តែប្រើប្រាស់បានយូរ។
ចាប់តាំងពីចាប់ផ្តើមមក EngineAI Robotics បាននិងកំពុងតែស្រាវជ្រាវ និងអភិវឌ្ឍមនុស្សយន្តរបស់ខ្លួនឲ្យកាន់តែមានស្តង់ដារខ្ពស់ ដើម្បីបន្តក្លាយជាក្រុមហ៊ុនជួរមុខនៃឧស្សាហកម្មមនុស្សយន្ត ស្របពេលការប្តេជ្ញាចិត្តនេះ នឹងត្រូវបានឆ្លុះបញ្ចាំងក្នុងផែនការយុទ្ធសាស្ត្ររបស់ខ្លួន ដែលរួមមានទាំងការបើកដំណើរការនៃការផលិតទាំងស្រុងនៅចុងឆ្នាំ២០២៤ ខណៈក្រុមហ៊ុនក៏មានគោលបំណងផលិត និងលក់ឲ្យបានជាង ១ ០០០គ្រឿងនៅឆ្នាំ២០២៥ ផងដែរ៕